ចែកជូនអំណោយដល់ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន១៧៥គ្រួសារស្ថិតក្នុងភូមិបាក់ទូក
ថ្ងៃចេញផ្សាយ: Tuesday, January 07, 2020, 9:11 AM
ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមនឹងសហការី នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចែកជូនអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន១៧៥គ្រួសារ ស្ថិតក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អំណោយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលចែកជូនក្នុងពេលនោះ ដោយក្នុងមួយគ្រួសារទទួលបាន៖ តង់កៅស៊ូចំនួន១(ទំហំ៤មx៦ម),អង្ករចំនួន៣០គីឡូក្រាម,មីជាតិចំនួន១កេសតូច,ទឹកបរិសុទ្ធចំនួន១កេស,ទឹកត្រីចំនួន១យូរ(៦ដប),ទឹកស៊ីអឺវចំនួន១យួរ(៦ដប),ទឹកក្រូចចំនួន១យូរ(៤កំប៉ុង), ស្ករសចំនួន១គីឡូក្រាម,ទឹកដោះគោចំនួន២កំប៉ុង,តែចំនួន៥កញ្ចប់ និងថវិកាចំនួន ៥០.០០០រៀល។
សូមបញ្ជាក់ថាលំនៅដ្ឋានប្រជាពលរដ្ឋនៅអមតាមផ្លូវរថភ្លើង ត្រូវភ្លើងឆេះអស់១៥ល្វែង ស្មើ ១៦០បន្ទប់ ជួល គិតជាចំនួនគ្រួសារ ១៧៥គ្រួសារ កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវរថភ្លើង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យនេះមិនមានមនុស្សរងរបួសនោះទេដោយរងការខូចខាតសម្ភារមួយចំនួនធំនិងផ្ទះប្រជាពរដ្ឋ១៥ខ្នងត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លងចន្តអគ្គិសនី ចំណែករថយន្តពន្លត់អគ្គិភ័យមកចំនួន៤២គ្រឿងនិងប្រើប្រាស់អស់ទឹក ៣៨៨ម៉ែត្រគូប អគ្គិភ័យក៏រលត់ទៅវិញទាំងស្រុងនៅម៉ោង៣និង០០នាទីទៀបភ្លឺ៕