ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ថេប្លេត៦៨គ្រឿង ជូនក្រុមគ្រូពេទ្យ ដើម្បីយកទៅប្រើប្រាស់ លើការបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ថ្ងៃចេញផ្សាយ: Sunday, April 04, 2021, 9:19 AM
ឧបករណ៍ថេប្លេត ដែលជាឧបករណ៍សម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ចំនួន៦៨គ្រឿងត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់ក្រុម គ្រូពេទ្យសម្រាប់បម្រើការងារលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានី។
សូមបញ្ជាក់ថា ថេប្លេត ៦៨គ្រឿង ដែលប្រគល់ជូនក្រុមគ្រូពេទ្យ គឺសម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តនៅទីតាំងចាក់វ៉ាក់សាំងកូវីដ–១៩ទាំង៣៤កន្លែងទូទាំងរាជធានីភ្នំពេញ។ ក្នុងនោះ ថេប្លេតទាំង៦៨គ្រឿងនេះ គឺប្រគល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ១៤ គ្រឿង ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចពិជ័យសេនា ទៀ បាញ់ ១៤គ្រឿង និងក្រុមគ្រូពេទ្យរបស់មន្ទីរ សុខាភិបាលរាជធានីភ្នំពេញ ៤០គ្រឿង។
គួរបញ្ជាក់ថា ដើម្បីបង្ការ ទប់ស្កាត់ជម្ងឺកូវីដ-១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានប្រគល់ម៉ាស អាកុល ជែល ម៉ាស៊ីនវាស់កំដៅ ស្បៀងអាហារ ជូនទៅខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច និងផ្សារទាំង២៥នៅក្នុងរាជធានី ជាច្រើនលើកច្រើនសាររួចមកហើយ ជាមួយនិងការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ពិសេសគឺការអនុវត្តអោយបានវិធានការ៣កុំនឹង៣ការពារ៕