ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមអោយ...

ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមអោយអាជីវករ កុំឡើងថ្លៃទំនិញគ្មានហេតុផល ក្នុងតំណាក់កាលជំងឺកូវីដ-១៩ នេះ

ថ្ងៃចេញផ្សាយ: Thursday, April 15, 2021, 10:00 PM

img150421e1 img150421e3

 

 

 

 

 

             ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនោះ អាជ្ញាធររាជធានីភ្នំពេញ និងមានវិធានការរដ្ឋបាលផងដែរ។

ក្នុងសន្និសីទសារព័ត៌មានមួយនារាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំ ដល់បងប្អូន អាជីវករដែលលក់ដូរគ្រឿងអាហារហូបចុក មិនត្រូវឡើងថ្លៃគ្មានហេតុផលនោះទេ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងមាន វិធានការនៅថ្ងៃក្រោយ ដោយមិនអាចអោយឈ្មួញទុច្ចរិតសោយសុខលើគំនរទឹកភ្នែកប្រជាពលរដ្ឋក្រីក្រនោះទេ។
ឯកឧត្តមបញ្ជាក់ថា ទំនិញត្រូវតែមានគុណភាព និងមិនត្រូវឡើងថ្លៃគ្មានហេតុផល ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់ចែងរឿងនេះ។ ចំណែកក្រសួងពាណិជ្ជកម្មក៏បានចាត់ចែងក្រុមការងារដើម្បីចុះស្រាវជ្រាវជ្រាវលើករណីនេះផងដែរ ដោយមិនទុកអោយឈ្មួយទុច្ចរិតរួចខ្លួនទេ ។

ឯកឧត្តមបានអំពាវនាវ ឲ្យបងប្អូនអាជីវករចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្ររបស់យើង ខណៈដែលពួកគាត់កំពុងមានទុក្ខ យើងត្រូវរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមបញ្ជាក់ថា មនុស្សរស់ របស់បាន កុំឆ្លៀតកេងចំណេញ។ រដ្ឋបាលរាជធានីភ្នំពេញទទួលយកមិនបានទេ។ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ទៀតថា ការបិទខ្ទប់រាជធានីភ្នំពេញ មិនមែនធ្វើឡើងដើម្បីធ្វើបាបប្រជាពលរដ្ឋនោះទេ គឺយើងជួយប្រជាពលរដ្ឋ ដើម្បីជៀសអោយផុតពីគ្រោះដ៏កាចសាហាវនៃជម្ងឺកូវីដ-១៩នេះ ដូច្នេះសូមបងប្អូនអត់ធ្មត់ ដើម្បីរួមគ្នាបំបាត់ជម្ងឺកូវីដ-១៩នេះ ទាំងអស់គ្នា៕