សមាគមជាតិក្រុមប្រឹក្សារាជធានី/ខេត្ត បានបើកកិច្ចប្រជុំ ជាលើកទី២
ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 10:41 AM
ព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៤ នេះ នៅសាលារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំលើកទី២ របស់ ក្រុមប្រឹក្សាសមាគមជាតិក្រុមប្រឹក្សារាជធានី/ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណាំ ទុំ ប្រធានសមាគមជាតិក្រុម ប្រឹក្សារាជធានី/ខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម ម៉ប់ សារិន អនុប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី/ខេត្ត និងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្តម សេង រតនៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វឌ្ឍនៈភាព ពិនិត្យ និងពិភាក្សាចំណុច គោលនៃផែនការយុទ្ធសាស្រ្ត ពិនិត្យ និងអនុម័តជាបណ្តោះអាសន្នពីគោលការណ៍រដ្ឋបាល ហិរញ្ញវត្ថុ និងពិនិត្យអនុម័ត ក្រមសីលធម៌ រួមទាំងផែនការសកម្មភាពថវិការបស់សមាគមជាតិក្រុមប្រឹក្សារាជធានី/ខេត្តសម្រាប់ ឆ្នាំ២០១៤ ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំលើកទី២នេះ ឯកឧត្តម ណាំ ទុំ បានមានប្រសាសន៍ថា សមាគមជាតិក្រុមប្រឹក្សា រាជធានី/ខេត្ត គឺបានផ្តល់សារៈប្រយោជន៍៣សំខាន់ ដូចជា សមាជិកក្រុមប្រឹក្សា នឹងទទួលបាននូវការកសាង សមត្ថភាពចំណេះដឹងសមស្រប ដើម្បីអនុវត្តការងារក្នុងឋានៈជាក្រុមប្រឹក្សារាជធានី/ខេត្ត និងមានសម្លេងរួមគ្នាក្នុង ការតស៊ូមតិជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ទេមុខងារមករដ្ឋបាលរាជធានី/ខេត្ត និងប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ ពោលគឺបំពេញតួនាទី និងភារៈកិច្ចរបស់ខ្លួន យ៉ាងមានប្រសិទ្ធិភាពក្នុងការដោះស្រាយតម្រូវការ និងមានគណនេយ្យ ភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ។