លោក នុត ពុធដារ៉ា នាំយកអំណោយសម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋក្រីក្រ
ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 9:55 AM
ព្រឹកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៤ នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បាននាំយក អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០គ្រួសារ ដែលរស់នៅក្នុង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
មានប្រសាសន៍ សំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រទាំង ១០ គ្រួសារ ដែលត្រូវទទួលអំណោយក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បាន ពាំនាំនូវការសាកសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនទាំងអស់ និងបានលើក ឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលជួបប្រទះ នូវការលំបាក ក្នុងនោះមាន ជនងាយរងគ្រោះ កុមារកំព្រា ជនពិការ និងអ្នកផ្ទុក មេរោគអេដស៍ជាដើម។ ក្នុងនោះជានិច្ចកាល សម្តេចទាំងពីរតែងបានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋានឲ្យយកចិត្ត ទុកដាក់ និងធ្វើការរាយការណ៍អំពីបញ្ហានានាដែលកើតមានឡើងនៅមូលដ្ឋាន ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយដាច់ពោះ ដោយពុំមានអាជ្ញាធរបានដឹងលឺនោះឡើយ។ លោកអភិបាលខណ្ឌ ក៏បានបន្តលើក ឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងរាជធានីភ្នំពេញយើង ហើយសូមបងប្អូនបន្តថែរក្សាសុខភាព អនាម័យការរស់នៅ ហូបស្អាត រស់នៅស្អាត និងហាត់ប្រាណ ដើម្បីឲ្យសុខភាពបានល្អ និងរស់នៅបានយូរអង្វែង។
អំណោយដែលត្រូវចែកជូនក្នុងឱកាសនោះរួមមាន ក្នុងមួយគ្រួសារទទួលបាន ៖អង្ករ២៥គីឡូក្រាម, មី ០១ កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ឆ្នាំបាយ០១, ចានស្រាក់០១សម្រាប់, កំសៀវទឹក០១, អំបិល០១គីឡូក្រាម, ស្ករស០២កញ្ចប់, តែ០២កញ្ចប់, ធូបមូស០៣ប្រអប់ និង ថវិកា១០ ម៉ឺនរៀល។