កាកបាទក្រហមខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ ទទួល អំណោយពីសហគមន៏មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនា
ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 10:05 AM
អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ តែងតែទទួល នូវទេយ្យទាន ក៏ដូចជាអំណោយ ពីព្រះសង្ឃនិងសប្បុរសជន ដើម្បីចូលរួមចំណែកក្នុងការជួយរំឡែកនូវការលំបាកនានា ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះក្នុងមូលដ្ឋានខណ្ឌទាំង០២។ យ៉ាងណាមិញនៅព្រឹកថ្ងៃទី ២៩ ខែ កញ្ញាឆ្នាំ២០១៤អនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ ដែលដឹកនាំដោយលោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកេវ និងជាអភិបាលរងខណ្ឌឫស្សីកែវ និងលោកស្រី កែវ ច័ន្ទស៊ុន ណារី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ និងជាអភិបាលរងខណ្ឌជ្រោយចង្វារ ព្រមទាំង សហការី បានទទួលអំណោយពីសហគមន៏មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ដែលដឹកនាំដោយ ព្រះតេជគុណសុវណ្ណជោតិ ឃឹម សម្បត្តិ ព្រះចៅអធិការវត្តញាណរង្សី និងជាប្រធានសហគមន៏មូលនិធិនគរកាយ វត្តព្រះពុទ្ធសាសនាកម្ពុជាដែលទេយ្យទានទាំងអស់រួមមានអង្ករ ១តោន, មី១០កេស, ទឹកដោះគោ២០កំប៉ុង, ស្ករស ២០គ.ក្រ, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, ត្រីខ១០យួរ, ទឹកសុទ្ធ១០កេស,ទឹកក្រូច៥កេស,តែ២០០កញ្ចប់, បាឡុង ២សំរាប់ និងបច្ច័យ៤.០០០.០០០រៀល(បួនលានរៀល)។
ក្នុងឳកាសនោះដែរលោក ជា ពិសី មានប្រសាសន៏ថា ក្នុងនាមលោកជាប្រធានអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌឫស្សីកែវ និងតំណាងអោយខណ្ឌជ្រោយចង្វារ មានសេចក្តីសប្បាយរីករាយបំផុត ដោយជានិច្ចកាល សហគមន៏មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភនូវសំភារៈគ្រឿងឧបភោគ បរិភោគជាច្រើនសន្ធឹកសន្ធាប់។ ជាចុងក្រោយ លោក ជា ពិសី និងលោកស្រី កែវ ច័ន្ទស៊ុនណារី បានសន្យាថា នឹងនាំយកអំណោយទាំងអស់ នេះទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះអោយបានគ្រប់គ្នា ។