ឯកឧត្តមអភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចបន្តការតាមដាននិងត្រួតពិនិត្យក្លឹបកំសាន្តនិងខារ៉ាអូខេដែលលួចលាក់ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ថ្ងៃចេញផ្សាយ: Monday, October 05, 2020, 3:12 PM
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្ដាខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ បន្តការតាមដាន និងត្រួតពិនិត្យទៅលើក្លឹបកំសាន្ត និងខារ៉ាអូខេដែលលួចលាក់ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលនៅឡើយ បើទោះបីប្រទេសកម្ពុជាមិនមានអ្នកស្លាប់ដោយឈ្មោះកូវីដ-១៩នេះក៏ដោយ។
ការជំរុញ និងណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ក្នុងពិធីបើកសិក្ខាសាលាស្ដីពីការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ សម្រាប់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់ នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការ ក្នុងភាពជាដៃគូរ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF (អា អុី អឹមអេហ្វ) នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍លើកឡើងថា យើងអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ មិនភ្លេចយើងទេ។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ត្រូវបន្តការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមបង្ការនិងទប់ស្កាត់នូវជំងឺ-១៩នេះនិងបន្តតាមដាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេដែលអាចធ្វើឲ្យរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការបើកអង្គសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបលើកិច្ចការបង្ការនិងទប់ស្កាត់ការរាលដាលនៃវីរុស covid-19 នៅក្នុង ខណ្ឌ សង្កាត់និយាយដោយឡែក និងនិយាយជារួមដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយក្នុងភាពជាដៃគូររវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ តាមស្មារតីនៃឯកសារវិសោធនកម្មលេខ២ ស្តីពីការត្រៀមបង្ការចំពោះស្ថានភាពបន្ទាន់ គំនិតផ្តូចផ្តើម ដើម្បីសុខភាព និងអនាម័យល្អក្នុងទីក្រុង។
ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះ covid-19 បាននឹងកំពុងរីករាលដាលនៅតាមបណ្ដាលប្រទេសនិងដែនដីចំនួនជាង២១០ទូទាំងពិភពលោក ហើយបញ្ហានេះត្រូវបានអង្គការសុខភាពពិភពលោកWHOប្រកាសថា ជាជម្ងឺរាតត្បាតសកល និងជាកង្វល់ថ្មីរបស់មនុស្សជាតិ គ្រប់ជាតិសាសន៍ ដែលចាំបាច់ត្រូវរួមគ្នាទប់ស្កាត់វិធានការបង្ការទប់ស្កាត់ និងផ្តល់ការសង្គ្រោះឲ្យបានទាន់ពេលវេលា។ សម្រាប់ប្រទេសកម្ពុជាយើង ក៏មិនអាចគេចផុតពីការគំរាមកំហែងនៃជំងឺកូវីដ-១៩ ដូចគ្នានេះផងដែរបើទោះបីជាមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែររួមនឹងជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មិនទាន់មាននរណាម្នាក់រងគ្រោះរហូតដល់បាត់បង់ជីវិតនៅឡើយក្តី។ ប៉ុន្តែជាកត្តាសត្យានុម័តបញ្ហានេះបានបង្កើតឲ្យមានផលប៉ះពាល់លើវិស័យជាច្រើន ពិសេសក្នុងវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចជៀសមិនរួច។
ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការរៀបចំសិក្ខាសាលាក្នុងពេលនេះគឺជាផ្នែកមួយនៃការអនុវត្តន៍ គម្រោងត្រៀមបង្ការនិងឆ្លើយតបចំពោះស្ថានភាពបន្ទាន់ ក្នុងនោះរយៈពេលកន្លងមកក្រុមការងារអនុវត្តគម្រោងនៃសមាគមAIMFសហការជាមួយនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាលចំនួន០៩លើករួចមកហើយ ដោយផ្ដោតសំខាន់លើស្ថានភាពទូទៅជំងឺកូវី-១៩ វិធានការការពារការចម្លងរោគ ការប្រើប្រាស់សំភារៈការពារខ្លួន ការប្រមូលវេចខ្ចប់ និងការដឹកជញ្ជូនសំណាករបស់អ្នកជម្ងឺកូវីដ-១៩ ។
គួរបញ្ជាក់ផងដែរថា អង្គសិក្ខាសាលានេះនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃពេញ ហើយនៅក្នុងពិធីនោះរដ្ឋបាលរាជធានីភ្នំពេញក៏បានប្រគល់ បរិក្ខាពេទ្យសម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញផងដែរ ដើម្បីប្រើប្រាស់បន្តគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ៕