កិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២
ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 10:28 AM
ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិ២ បានបើកកិច្ចប្រជុំសាមញ្ញលើក ទី២ នាព្រឹកថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០១៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងជាប្រធានអង្គប្រជុំ អង្គប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញចំនួន ១៩រូប លើ១៩រូប(អវត្តមាន ២រូប ដោយគ្មានច្បាប់អនុញ្ញាត) គណៈអភិបាលរាជធានីភ្នំពេញចំនួន ៤រូប លើ៧រូប នាយក នាយករងរដ្ឋបាល នាយក នាយិកាទីចាត់ការសាលារាជធានីភ្នំពេញ និងប្រធានមន្ទីរ-អង្គភាពជុំវិញសាលារាជធានីភ្នំពេញចំនួន ៥៥រូប ព្រមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងប្រជាពលរដ្ឋចំនួន ៧រូប សរុបវត្តមានទាំងអស់ចំនួន ៨៥រូប ។ កិច្ចដំណើរការ និងនីតិវិធីនៃកិច្ចប្រជុំសាមញ្ញលើកទី២ នេះបានប្រព្រឹត្តត្រឹមត្រូវតាមប្រកាសលេខ១៦២៣ប្រក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤។
កិច្ចប្រជុំក្រុមប្រឹក្សានេះមានរបៀបវារៈ
- របៀបវារៈ ទី១ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ដោយសម្លេងគាំទ្រ ១៩ លើ១៩សម្លេង ឯកភាពតាមខ្លឹមសារដើមនៃសេចក្តីព្រាងទាំងស្រុង ។
- របៀបវារៈទី២ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តដីកា ស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ ដែលអានជូនដោយ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ដោយសម្លេងគាំទ្រ ១៩ លើ១៩សម្លេង ឯកភាពតាមខ្លឹមសារដើមនៃសេចក្តីព្រាង ក្រោយពីបានកែសម្រួលនូវចំណុចមួយចំនួន ។
- របៀបវារៈ ទី៣ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ សំរាប់រយៈពេល ១២ខែ ដែលអានជូនដោយលោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ដោយសម្លេងគាំទ្រ ១៩ លើ១៩សម្លេង ឯកភាពតាមខ្លឹមសារដើមនៃសេចក្តីព្រាង ក្រោយពីបានកែសម្រួលនូវចំណុចមួយចំនួន ។
នាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សមាជិក សមាជិកាដែល មានវត្តមានក្នុងអង្គប្រជុំ ហើយក៏បានជំរាបជូនអង្គប្រជុំពីការត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំដដែលនេះ ។