ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA) និងមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរខណ្ឌ ដើម្បីពិភាក្សាពីការសិក្សានៃដំណើរការរថភ្លើងធុនស្រាល AGT ក្នុងរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Thursday, February 02, 2017, 10:45 PM
កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA) និងមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរខណ្ឌ ដើម្បីពិភាក្សាពីការសិក្សានៃដំណើរការរថភ្លើងធុនស្រាល AGT ក្នុងរាជធានីភ្នំពេញ។
ប្រព័ន្ធដឹកជញ្ជូនសាធារណៈបានរួមចំណែកយ៉ាងធំក្នុងការការបន្ថយការកកស្ទះ និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ក្នុងនោះរថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាស (AGT, Automated Guideway Transit) ជាមធ្យោបាយដឹកជញ្ជូនសាធារណៈមួយដែលទីក្រុងមួយចំនួនរបស់ប្រទេសជប៉ុនបានកំពុងប្រើប្រាស់ តាមរយៈទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន ក៏បានស្នើសុំធ្វើការសិក្សាបន្ថែមដោយសិក្សាលើផ្នែកបច្ចេកទេស តម្លៃ និងការងារពាក់ព័ន្ធមួយចំនួនដើម្បីដំណើរការរថភ្លើងធុនស្រាលក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន ដែលហៅកាត់ថា JICA ត្រូវសិក្សាឱ្យបានច្បាស់លាស់លើគម្រោងដែលបានស្នើនោះ ដើម្បីជួយសម្រួលចរន្ដចរាចរណ៍ និងបន្ងយការកកស្ទះ ដោយត្រូវគិតពីហេដ្ឋារចនាសម្ព័ន្ធ ការងារបច្ចេកទេស និងការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ។ គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាលើកដំបូងនេះ គឺជាជំនួបដើម្បីពិភាក្សាពិនិត្យរួមគ្នាជាបឋមក្នុងសិក្សា និងវាយតម្លៃក្នុងគម្រោងខាងលើ។