អង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Monday, April 09, 2018, 8:46 PM
ការផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនូវភាពសប្បាយរីករាយ ប្រកបដោយភាពកក់ក្តៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ គឺជាកិច្ចការអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ។
នាព្រឹកថ្ងៃច័ន្ទ ០៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើផែនការត្រៀមលក្ខណៈរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋទាំងនៅតាមទីតាំងសប្បាយភាពដូចជាវត្តអារាម រមណីយដ្ឋាន ក៏ដូចជាសន្តិសុខនៅក្នុងភូមិដ្ឋាននីមួយៗផងដែរ។ ជាមួយគ្នានេះ ឯឧអភិបាលបានណែនាំអោយមានការរៀបចំដោតទង់ជាតិនៅតាមគ្រប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មផងដែរ។