សម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ_និងទីក្រុងគីតាគ្យូស៊្សូ
ថ្ងៃចេញផ្សាយ: Saturday, August 05, 2017, 7:39 PM
#សម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ_និងទីក្រុងគីតាគ្យូស៊្សូ
នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ គណប្រតិភូមន្ទីរបរិស្ថាននៃសាលាក្រុងគីតាគ្យូស៊្សូនៃប្រទេសជប៉ុន បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងក្រមខណ្ឌទីក្រុងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងគីតាគ្យូស៊្សូ ក្រោមកិច្ចសហប្រតិបត្ដិការលើ “គម្រោងយន្ដការឥណទានរួមគ្នាឆ្នាំ២០១៦ Joint Crediting Mechanism” មន្ទីរបរិស្ថាននៃសាលាក្រុងគីតាគ្យូស៊្សូបានធ្វើការសិក្សាស្រាវជ្រាវលើ ផែនការសកម្មភាពយុទ្ធសាស្ដ្រសម្រាប់ការបម្រែបម្រួលអាកាសធាតុក្នុងរាជធានីភ្នំពេញ និងបានសិក្សាពាក់ព័ន្ធនឹងវិស័យថាមពល ប្រព័ន្ធប្រឡាយ-លូ ការដឹកជញ្ជូន ការដឹកជញ្ជូន បរិស្ថាន និងការគ្រប់គ្រងសំណល់ ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងបរិស្ថានជប៉ុន។ ប្រតិភូសាលាក្រុងគីតាគ្យូស៊្សូ ក៏បានប្រគល់ជូននូវឯកសារលទ្ធផលសិក្សាស្ដីពី ផែនការសកម្មភាពយុទ្ធសាស្ដ្រសម្រាប់ការបម្រែបម្រួលអាកាសធាតុក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលរង ក៏បានសម្ដែងការគួរសម និងបានពិភាក្សាការងារមួយចំនួនជាមួយគណៈប្រតិភូទីក្រុងគីតាគ្យូស៊្សូ ដោយបានលើកយកពីបញ្ហាការកក់ស្ទះចរាចរណ៍ ការស្ទះលូ បញ្ហាសំរាម ដែលទាមទារឱ្យរាជធានីភ្នំពេញ ត្រូវការដៃគូសហប្រតិបត្ដិការ និងការផ្ដល់បច្ចេកទេស។ តែទោះបីជាយ៉ាងណា អង្គប្រជុំក៏ បានសរសើរពីការរីកចម្រើនស្ទើគ្រប់វិស័យក្នុងរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរ សាលាក្រុងគីតាគ្យូស៊្សូ បានធ្វើសិក្ខាសាលាចំនួន០៤ដងចំពោះវិស័យខាងលើរួចមកហើយ ដើម្បីចូលរួមចំណែកសិក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ។