សកម្មភាពចុះពិនិត្យមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (មណ្ឌលព្រៃស្ពឺ) ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Monday, June 06, 2016, 5:30 PM
នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងមន្ត្រីពាក់ព័ន្ធបានអញ្ជេីញចុះពិនិត្យមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (មណ្ឌលព្រៃស្ពឺ) ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ មណ្ឌលនេះមានតួនាទីយ៉ាងសំខាន់ក្នុងការងារសង្គមកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានអនុញ្ញាតអោយជនទុរគត៌ ជនអនាថា កុមារកំព្រា ជនវិកលចរិក យុវជនញៀនថ្នាំជាដេីមដែលធ្លាប់រស់នៅតាមទីសាធារណៈនានាបានមករស់នៅស្នាក់អាស្រ័យក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដោយមានការគាំទ្រ ជួយទំនុកឧបត្ថម្ភពីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ បានជួយសង់អគារស្នាក់នៅ ជួសជុលធ្វេីរបងសុវត្ថិភាព បន្ទប់ទឹក បង្គន់អនាម័យ និងបានផ្គត់ផ្គង់បន្លែសាច់រៀងរាល់ថ្ងៃជាប់ជាប្រចាំ។
ឯកឧត្តម ប៉ា សុជាតិវង្ស និងឯកឧត្តម វង សូត្រ បានឯកភាពទទួលស្គាល់ថាមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(មណ្ឌលព្រៃស្ពឺ)នេះ មានសារៈសំខាន់ណាស់មិនអាចខ្វះបាន ជាពិសេសសម្រាប់ក្រុងភ្នំពេញ ហេីយនៅចំពោះមុខនេះចាំបាច់ត្រូវមានការកែលម្អបន្ថែមទៀតទាំងរចនាសម្ព័ន្ធរឹង និងទន់ដូចជាសាងសង់អាគារស្នាក់នៅ បន្តពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងមជ្ឈមណ្ឌលអោយកាន់តែមានប្រសិទ្ធភាព គ្រប់ជ្រុងជ្រោយ ស្វែងរកដៃគូអង្គការសង្គមស៊ីវិលនានា ដើម្បីសហការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់អ្នកស្នាក់នៅក្នុងមណ្ឌលទាំងអស់ ដេីម្បីពួកគេមានលទ្ធភាពប្រកបមុខរបរចិញ្ចឹមជីវិតបាន។
គួរបញ្ជាក់ផងដែរថា៖ មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ មានផ្ទៃដីទំហំ ៣ហិតា មានអគារចំនួន១០ រួមមាន អគារស្នាក់នៅ០៣ អគារបណ្តុះបណ្តាល២ អគារបណ្ណាល័យ១ អគាររដ្ឋបាល១ អគារពេទ្យ១ អគារោងបាយ១ អគារលំហែកាយ១ និងតារាងបាល់ទាត់១។
ក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន មានមជ្ឈមណ្ឌលស្តារនីតិសម្បទា និងបណ្ដុះបណ្តាលជនអនាថា កុមារកំព្រា ជនពិការ ជនវិកលចរិក និងញៀនថ្នាំ ចំនួន ០៤ទីតាំង គឺមជ្ឈមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មជ្ឈមណ្ឌលកូលាប៤ មជ្ឈមណ្ឌលឱកាសខ្ញុំ និងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញនេះតែម្តង៕