រាជធានីភ្នំពេញនិងទីក្រុងបារីសចុះកិច្ច ព្រមព្រៀងលើគម្រោងរៀបចំតំបន់ស្ទឹងមានជ័យនិងពង្រឹងសមត្ថភាពការរៀបចំផែនការ
ថ្ងៃចេញផ្សាយ: Wednesday, December 04, 2019, 11:38 AM
ឯកត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ប៉ាទ្រីក ឃ្លូម៉ង់ អភិបាលរងទីក្រុងបារីស បានឯកភាពក្នុងការចុះកិច្ចព្រមព្រៀងលើគម្រោងរៀបចំតំបន់ស្ទឹងមានជ័យ និងពង្រឹងសមត្ថភាពការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដែលពិធីនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៣ ធ្នូ ឆ្នាំ២០១៩នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។
ការចុះកិច្ចព្រមព្រៀងនេះដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការ នគរូបនីយកម្មនិងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានានូវលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈជាសារវ័ន្ត។
គោលបំណងនៃគម្រោងក្នុងកិច្ចព្រមព្រៀងនេះ គឺដើម្បីរៀបចំឡើងវិញនៅតំបន់ស្ទឹងមានជ័យ និងពង្រឹងសមត្ថភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងវិស័យការរៀបចំផែនការនគរូបនីយកម្មនិងការគ្រប់គ្រងដីធ្លី ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការវិមជ្ឈការរវាងទីក្រុងប៉ារីសនិងរាជធានីភ្នំពេញ។
គម្រោងនេះត្រូវបានបង្កើតឡើងដោយផ្អែកលើលទ្ធផលរំពឹងទុកមួយចំនួនដូចជាស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ/តំបន់ជាយក្រុងនៃ “សហគមន៍នៅជាយក្រុងតាមប្រឡាយស្ទឹងមានជ័យដែលមានទីតាំងនៅខណ្ឌមានជ័យនៃរាជធានីភ្នំពេញ ត្រូវបានកែលម្អដោយមានការពង្រឹងនូវការសម្របសម្រួលរវាងសេវាកម្មជាក់លាក់។ ការពង្រឹងសមត្ថភាពរបស់ភ្នាក់ងារនានា ការបង្កើតហេដ្ឋារចនាសម្ព័ន្ធសហគមន៍ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងសាលាក្រុងប៉ារីសនិងរដ្ឋបាលរាជធានីភ្នំពេញ។
គាំទ្រដល់ការរៀបចំសហគមន៍មូលដ្ឋានកិច្ចពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងកំណត់ពីតម្រូវការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសហគមន៍។ ពង្រឹងសមត្ថភាពទីចាត់ការផែនការនិងវិនិយោគនៃរដ្ឋបាលរាជធានីភ្នំពេញ និងទំនាក់ទំនងរបស់ទីចាត់ការក្នុងសាលារាជធានី និងខណ្ឌ។ ធ្វើបច្ចុប្បន្នភាពឯកសារផែនការរៀបចំខណ្ឌមានជ័យនិងកំណត់ពីតម្រូវការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ បញ្ជ្រៀបចំណេះដឹងនិងពង្រឹងសមត្ថភាពរបស់សហគមន៍ក្នុងការប្រើប្រាស់សម្ភារៈបរិក្ខាថ្មីៗ។ កសាងដំណោះស្រាយសម្រាប់លំនៅដ្ឋានប្រកបដោយនិរន្តរភាព(៥០% នៃលំនៅស្ថានត្រូវសាងសង់/កែលម្អ) និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍(សាលារៀនឬមណ្ឌលសុខភាព/ភ្លើងនៅតាមផ្លូវសាធារណៈទីលានលេងកីឡាការរៀបចំទីក្រុងផ្លូវថ្នល់សួនច្បារសាធារណៈនិងផ្លូវសំរាប់កង់៕