រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំផ្សារបន្លែ ផ្លែឈេីបោះដុំ និងចំណតរថយន្ដ
ថ្ងៃចេញផ្សាយ: Friday, January 04, 2019, 3:24 PM
នាព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំផ្សារបន្លែ ផ្លែឈេីបោះដុំនិងចំណតរថយន្តនៅតំបន់បឹងតាមោកក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរនៅផ្សារដើមគទាំងអស់មេត្តាជ្រាបជៀសវាងមានការភន្ត័ច្រឡំដោយសារមានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរុះរើផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដើម្បីធ្វើការវិនិយោគជូនវិស័យឯកជនវិញ និងរើបងប្អូនអាជីវករទៅទីតាំងផ្សារថ្មីនៅបឹងតាមោក ដោយផ្អែកលើលិខិតលេខ ៨២៧ សជណ ចុះថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងសន្និសីទសារពត៌មាននេះរដ្ឋបាលរាជធានីភ្នំពេញសូមបញ្ជាក់សារជាថ្មីថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានគម្រោងរុះរើផ្សារដើមគ ឬតម្រូវឱ្យអាជីវករកំពុងលក់ដូរនៅផ្សារដើមគ ធ្វើការផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួន ទៅទីតាំងថ្មីណាមួយឡើយ។ ដោយឡែក គម្រោងសាងសង់ផ្សារនៅបឹងតាមោក គឺដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត ក្នុងន័យបន្ថែមជាទីតាំងផ្សារបោះដុំមួយកន្លែងផ្សេងទៀត ដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម ក៏ដូចជាដើម្បីកាត់បន្ថយ និងឈានដល់ការលុបបំបាត់ការរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវសាធារណៈ ដើម្បីធ្វើជាទីតាំងលក់បន្លែផ្លែឈើ ដែលបង្កការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់ និងអនាម័យតាមដងផ្លូវ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករផ្សារដើមគមេត្តាជ្រាប និងរក្សាភាពស្ងប់ស្ងាត់ ប្រកបរបរទទួលទានជាធម្មតា និងផ្តល់ជំនឿទុកចិត្តមកលើអាជ្ញាធរដែលជានិច្ចជាកាល យកចិត្តទុកដាក់ចំពោះជីវភាពប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរនៅតាមទីរួមផ្សារនានាក្នុងរាជធានីភ្នំពេញ។