ពិធីសម្ពោធឧប្បដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្ដគោកពិសីរ័ត្ន ហៅវត្ដគោកអំពិល ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ
ថ្ងៃចេញផ្សាយ: Saturday, May 06, 2017, 12:29 PM
ពិធីសម្ពោធឧប្បដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្ដគោកពិសីរ័ត្ន ហៅវត្ដគោកអំពិល ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧
សមិទ្ធផលនានាក្នុងវត្ដគោកអំពិលមិនត្រឹមតែបង្ហាញពីការរីកចម្រើនក្នុងវិស័យពុទ្ធសាសនាប៉ុណ្ណោះទេ តែបានបង្ហាញនូវស្មារតីសាមគ្គីក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាក្រោមម្លប់សន្ដិភាព និងសុខដុមរមនីយកម្មរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមកោតសរសើរដល់វិស័យពុទ្ធចក្រដែលជាកន្លែងបង្កើតធនធានមនុស្សទ្រទ្រង់ព្រះពុទ្ធសាសនា និងចូលរួមថែរក្សា ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងន័យធ្វើឱ្យប្រសើរឡើងក្នុងការរួមចំណែកនឹងវិស័យអាណាចក្រ។ គួរបញ្ជាក់ផងដែរថា រាជធានីភ្នំពេញមានវត្ដចំនួន១៤៧វត្ដ និងព្រះសង្ឃចំនួនជាង៦ពាន់អង្គ ក្នុងនោះ ខណ្ឌដង្កោមានវត្ដចំនួន២៦ និងព្រះសង្ឃចំនួន៣៩៩អង្គ ដែលបង្ហាញយ៉ាងច្បាស់ថា ការចូលរួមរបស់ព្រះពុទ្ធសាសនា ពិតជាមានសារៈសំខាន់ និងមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយទាំងក្នុងការអភិវឌ្ឍ ជាពិសេសក្នុងការថែរក្សាសុខសន្ដិភាពជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏មានសំណូមពរដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសូមក្ដីអនុគ្រោះពីព្រះសង្ឃអង្គ សូមចូលរួមផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ក្នុងន័យរួមចំណែកអនុវត្ដ ទប់ស្កាត់ និងចាត់វិធានការនានា ដើម្បីអនុវត្ដគោលនយោបាយនេះទទួលបានជោគជ័យ មានប្រសិទ្ធភាព ព្រមទាំងឱ្យមានភាពប្រសើរឡើង។ សូមឱ្យប្រជាពលរដ្ឋត្រៀមខ្លួន ឯកសារពាក់ព័ន្ធក្នុងការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។