នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ លោក ងី មានហេង ត្រូវបានតែងតាំងជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញថ្មី ជំនួសលោក សុខ សុគន្ធ ដែលត្រូវបានផ្លាស់ទៅធ្វើការនៅទីស្តីការក្រសួងសុខាភិបាល ដែលនេះគឺជាដំណើរការជាប្រក្រតីនៃជីវភាពមន្ត្រីរាជការស៊ីវិល។
នៅក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានផ្តាំផ្ញើកិច្ចការមួយចំនួនដល់ប្រធានមន្ទីរថ្មីត្រូវអនុវត្តបន្តដូចជា៖
១/-ត្រូវពង្រឹងរចនាសម្ព័ន្ធរបស់មន្ទីរឱ្យបានរឹងមាំទាំងផ្នែករឹង និងផ្នែកទន់
២/-ត្រូវពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស
៣/-ត្រូវពិនិត្យមើលនូវក្រមសីលធម៌របស់គ្រូពេទ្យមួយចំនួនឡើងវិញ
៤/-ត្រូវពង្រឹងរបៀបរបបការងារឱ្យបានល្អ និងច្បាស់លាស់។
នៅពេលថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាលបានប្រកាសមិនឱ្យមានការយកថ្លៃដឹកសពទាំងអស់របស់សេវាមន្ទីរពេទ្យរដ្ឋ ដើម្បីជួយសម្រួល និងរំលែកទុក្ខលំបាករបស់ក្រុមគ្រួសារសព។ គួរបញ្ជាក់ផងដែរថា បុគ្គលគ្រូពេទ្យ និងមន្ត្រីរាជការក្នុងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានចំនួន ៨៤៨នាក់ ដែលកំពុងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងកើនឡើងទាំងចំនួនប្រជាពលរដ្ឋ និងផ្ទៃដី៕