ពិធីបើកការដ្ឋានស្ថាបនាស្ពានសាក់សំពៅថ្មី
ថ្ងៃចេញផ្សាយ: Friday, August 05, 2016, 11:02 PM
នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានសាក់សំពៅថ្មី ដែលមានទីតាំងព្រំប្រទល់រវាងសង្កាត់សាក់សំពៅ និងសង្កាត់គង់ណយ ខណ្ឌដង្កោ។ ស្ពានសាក់សំពៅថ្មីនេះ មានប្រវែង ១០៨ម៉ែត្រ ទទឹង ៩ម៉ែត្រ ជាស្ពានឆ្លងកាត់ស្ទឹងព្រែកត្នោត វាមានប្រយោជន៍សំខាន់សម្រាប់ប្រជាពលរដ្ឋដឹកជញ្ជូនកសិផលនានារបស់ខ្លួនទៅទីផ្សារ និងបម្រើប្រយោជន៍ជាច្រើនទៀតក្នុងតំបន់នេះ។
ការស្ថាបនាស្ពានសាក់សំពៅថ្មី ក៏ព្រោះតែស្ពានចាស់មានសភាពទ្រុឌទ្រោមខ្លាំង ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចជំរុញសាងសង់ស្ពានថ្មីនេះ បើទោះជាថវិកាមិនទាន់មានគ្រប់គ្រាន់យ៉ាងណាក្តី។ គួររំលឹកថា ស្ពានសាក់សំពៅចាស់បានបម្រើប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ខាងលើ តាំងពីទស្សវត៨០មកម្លេះ ហើយគ្រឹះរបស់វាគ្រាន់តែបុកឈើតែប៉ុណ្ណោះ។