ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា
ថ្ងៃចេញផ្សាយ: Sunday, May 20, 2018, 11:02 AM
នាព្រឹកថ្ងៃអាទិត្យ ០៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទិី២០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា ពិធីបង្សុកូល ពិធីរាប់បាត្រព្រះសង្ឃ២០៧អង្គ និងគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលឹកឡើងវិញ នូវការឈឺចាប់ក្នុងរបបវាលពិឃាត ដែលប្រជាពលរដ្ឋកម្ពុជា បានទទួលរងនូវការកាប់សម្លាប់ និងការធ្វើទារុណកម្មយ៉ាងឃោរឃៅក្នុងរបបប្រល័យពូជសាសន៍។
ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានចងចាំជានិច្ច និងបានចាត់ទុកទិវាជាតិ ២០ ឧសភា ជាថ្ងៃចងកំហឹង និងរំលឹកវិញ្ញាណក្ខន្ធ បុព្វការីជន ដែលត្រូវបានសម្លាប់និងទទួលរងទារុណកម្មយ៉ាងព្រៃផ្សៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍េជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕