ថ្ងៃសៅរ៍នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពរស់នៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋសហគមន៍ពីរ និងប្រឡាយមួយខ្សែ ក្នុងភូមិសាស្ត្រពីរផ្សេងគ្នា
ថ្ងៃចេញផ្សាយ: Saturday, January 27, 2018, 8:01 AM
នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជួបសំណេះសំណាល និងចុះសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ភូមិអណ្ដូងចាស់ និងភូមិអណ្ដូងថ្មីស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញរួច។
នៅរសៀលល្ងាចដដែលនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យដំណើរការការដ្ឋានសាងសង់ប្រឡាយបេតុងស្ទឹងមានជ័យ និងការកាយសំរាម ការចាក់ដីបំពេញចំនែកខ្លះ ដើម្បីធ្វើការបែងចែកដីឡូត៍ជូនប្រជាពលរដ្ឋចំនួនជាង១០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន ដើម្បីមកតាំងទីស្នាក់អាស្រ័យបណ្តោះអាសន្ន ដោយទុកលទ្ធភាពជូនក្រុមការងារធ្វើការរៀបចំប្រឡាយស្ទឹងមានជ័យនេះក្នុងដំណាក់កាលទីមួយ។
ក្នុងកិច្ចការនេះឯកឧត្តមអភិបាល បានជំរុញអោយក្រុមការងារសម្រុកធ្វើការទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាងណាដើម្បីអាចបញ្ចាប់ក្នុងអំឡុងខែមេសាឆ្នាំ២០១៨ខាងមុននេះ ដើម្បីអាចបន្ដលទ្ធភាពក្នុងការអនុវត្តដំណាក់កាលទីពីរជាបន្ដទៀត។ សូមបញ្ជាក់បន្ថែមផងដែរថាកន្លងមក ក្រុមការងារបានស្ដារកាយសំរាម ភក់បានចំនួន១១.០០០ម៉្រែតគូបស្មើនឹង១.១០០ឡានក្នុងគម្រោងផែនការ៤៣.០០០ម៉្រែតគូបនៃសំរាម ភក់ដែលមានកម្រាស់ពី៣-៤ម៉្រែតហើយកប់ក្នុងប្រឡាយបច្ចុប្បន្នដែលរដ្ឋបាលរាជធានីភ្នំពេញទាមទារអោយមានការស្ដារចេញ។ ក្រោយពីការស្ដាររួចហើយ នឹងធ្វើការចាក់ដីបំពេញក្នុងចំនែកខ្លះ ដើម្បីធ្វើការពុះឡូត៍បែងចែកដីជូនប្រជាពលរដ្ឋដែលព្រមទទួលយកនូវគោលនយោបាយដោះស្រាយដីធ្លី ហើយក៏បានចាក់ដីប្រមាណ៧៥.០០០ម៉្រែតគូប ក្នុងរង្វង់ផែនការសរុប១៧៥.០០០ម៉្រែតគូប ទាំងនេះជាកិច្ចការដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើនិងរៀបចំប្រឡាយបេតុងស្ទឹងមានជ័យ៕