ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្ដសានដុង

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្ដសានដុង

ថ្ងៃចេញផ្សាយ: Wednesday, August 09, 2017, 11:09 PM

#ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្ដសានដុង

ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សា និងទទួលការសម្ដែងការគួរសមពីគណៈប្រតិភូនៃខេត្ដសានដុងនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។

20638705_782827748564646_4649747980281916847_n 20727884_782827635231324_8791401284872479930_n

រដ្ឋបាលរាជធានីភ្នំពេញ តែងតែស្វាគមន៍នូវទំនាក់ទំនងគ្រប់ភាគីក្នុងកិច្ចសហប្រតិបត្ដិការអភិវឌ្ឍចំពោះវិស័យសំខាន់ៗ និងវិស័យដែលជាតម្រូវការក្នុងការអភិវឌ្ឍ។ ខេត្ដសានដុងមានសក្ដានុពលលើវិស័យឧស្សាហកម្ម និងកសិកម្ម ដូច្នេះឯកឧត្តមអភិបាលរងក៏ស្នើឱ្យគណៈប្រតិភូជម្រុញដល់វិនិយោគិន និងទេសចរណ៍ចិនមកវិនិយោគ និងទស្សនានៅប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញដែលកំពុងអភិវឌ្ឍ និងមានសក្ដានុពលដែលអំណោយផលដល់អ្នកវិនិយោគ។ បន្ថែមពីនេះ គណៈប្រតិភូខេត្ដសានដុងមានបំណងពង្រឹងចំណងមិត្តភាព ក៏ដូចស្វែងយល់អំពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ខេត្ដសានដុងនៃសាធារណៈរដ្ឋប្រជាមានិតចិនមានទំនាក់ទំនងជាមួយប្រទេសកម្ពុជាចាប់ពីសម័យសង្គមរាស្ដ្រនិយមរហូតមកដល់បច្ចុប្បន្ន ដោយតែងមានកិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍ។

ដោយឡែក មានក្រុមហ៊ុនចំនួន១៥០ដែលមកពីខេត្ដសានដុងកំពុងវិនិយោគនៅព្រះរាជាជណាចក្រកម្ពុជានាពេលបច្ចុប្បន្ន។ ជារួមគណៈប្រតិភូខេត្ដសានដុងក៏បានសរសើរដល់ការអភិវឌ្ឍរាជធានីភ្នំពេញដែលបានខិតខំកសាងអភិវឌ្ឍស្ទើគ្រប់វិស័យ និងតែងមានទំនាក់ទំនងល្អជាមួយគ្រប់បណ្ដាដៃគូអភិវឌ្ឍ ព្រមទាំងសង្ឃឹមថានឹងមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងរឹងចំណងមេត្រីភាពរវាងគ្នានឹងគ្នា។