កិច្ចប្រជុំស្ដីពីការសាងសង់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោធិបតី ហ៊ុន នាង
ថ្ងៃចេញផ្សាយ: Tuesday, June 12, 2018, 9:13 PM
ដើម្បីសម្រួលការកកស្ទះចរាចរណ៍នៅតំបន់ច្រមុះជ្រូកក្បាលថ្នល់ និងផ្លូវលេខ៣៧១ឆ្ពោះទៅផ្លូវលេខ២៧១ ដែលចរាចរសព្វថ្ងៃនេះមានការមមាញឹកខ្លាំងក្នុងតំបន់ប៉ែតខាងត្បូងរាជធានីភ្នំពេញ។
នាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងអង្គប្រជុំស្ដីពីការសាងសង់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោធិបតី ហ៊ុន នាង ( ផ្លូវ៣០ម៉្រែត )និងស្ពានតភ្ជាប់មហាវិថីសម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន( ផ្លូវ៦០ម៉្រែត ) ទៅផ្លូវលេខ៣៧១។
ឯកឧត្តមប្រធាននៃអង្គប្រជុំបានសម្រេចឯកភាពនូវគម្រោងសាងសង់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោធិបតី ហ៊ុន នាង ( ផ្លូវ៣០ម៉្រែត ) ក្នុងតំបន់អភិវឌ្ឍន៍បឹងជើងឯក ចេញពីមហាវិថីសម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន ( ផ្លូវ៦០ម៉្រែត ) និងស្ពានតភ្ជាប់មកផ្លូវលេខ៣៧១។ ដែលជាគម្រោងធ្វើអោយមានជាសរសៃឈាមបន្ថែមទៀតនៅក្នុងការរៀបចំអោយមានប្រព័ន្ធចរាចរណ៍មានលក្ខណៈល្អប្រសើរ និងកាត់បន្ថយការកកស្ទះនៅតំបន់ច្រមុះជ្រូកក្បាលថ្នល់ នៅពេលដែលមានវត្តមានផ្លូវមួយខ្សែថ្មីនេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ៣៧១អាចមានលទ្ធភាពធ្វើដំណើរទៅផ្លូវជាតិលេខ២ ឬតំបន់ផ្លូវ៦០ម៉ែត្រ បានងាយស្រួល ដោយពុំចាំបាច់ធ្វើដំណើររហូតទៅដល់ច្រមុះជ្រូកក្បាលថ្នល់នោះទេ៕