កិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Thursday, May 11, 2017, 11:44 AM
នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជាប្រធានកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្ដិទី២ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម-លោកជំទាវអភិបាលរង និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ។
កិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ មានរបៀបវារៈចំនួន០៤ក្នុងនោះរួមមាន៖ ១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្ដិទី២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។ ២.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៧ ស្ដីពីការអនុវត្ដការងាររដ្ឋបាលរាជធានីភ្នំពេញ។ ៣.ពិនិត្យ និងអនុម័តសេចក្ដីព្រាងស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស និងក្រុមការងារបច្ចេកទេសនៃមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សរាជធានីភ្នំពេញ។ ៤.ផ្សេងៗ។
បន្ថែមពីរបៀបវារៈខាងលើ អង្គប្រជុំក៏បានលើកឡើងពីការងារកន្លងមករបស់ការងាររដ្ឋបាលរាជធានីភ្នំពេញ និងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយមានសំណួរពីសមាជិកអង្គប្រជុំ ក្នុងនោះតំណាងមន្ទីរសាធារណការ និងឯកឧត្តមអភិបាលរងដែលតំណាងឱ្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានបកស្រាយ បំភ្លឺ និងបង្ហាញពីការងារដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើកន្លងមកជូនប្រធាន ព្រមទាំងសមាជិកក្រុមប្រឹក្សា ពីការអភិវឌ្ឍ កសាង ការផ្សព្វផ្សាយ-អនុវត្ដគោលនយោបាយ និងការងារផ្សេងៗ ដើម្បីពង្រឹងការអនុវត្ដរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យទទួលបានជោគជ័យ ព្រមទាំងទទួលបានផលជាវិជ្ជមាន។