ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  កិច្ចប្រជុំប្រចាំសប្ដាហ៍ត្រួតពិនិត្យវឌ្ឍនភាពនៃក...

កិច្ចប្រជុំប្រចាំសប្ដាហ៍ត្រួតពិនិត្យវឌ្ឍនភាពនៃការស្ដារប្រឡាយ-លូក្នុងរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Monday, January 29, 2018, 9:11 AM

នារសៀលថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធរួមមាន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង ៤ កណ្ដាលរាជធានីភ្នំពេញភ្នំពេញ (ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌដូនពេញ និងខណ្ឌ៧មករា) និងមន្ត្រីជំនាញនៃទីចាត់ការរៀបចំក្រុង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការស្ដារប្រឡាយ-លូក្នុងរាជធានីភ្នំពេញ។

27066867_863503760497044_6745741904677007701_n 27067268_863503720497048_533096409953699487_n

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ទិសដៅលើខណ្ឌដំបូងចំនួន៤ កណ្ដាលរាជធានីភ្នំពេញ ដើម្បីអនុវត្តយុទ្ធនាការស្ដារប្រព័ន្ធប្រឡាយ-លូ ក្នុងគោលបំណងពន្លឿនចរន្តទឹកហូរ បញ្ចៀសការជន់លិចនៅពេលភ្លៀងខ្លាំងម្ដងៗ ឱ្យបានមុនរដូវវស្សាខាងមុខ។ គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨មក រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការស្ដារ លាង និងតភ្ជាប់បណ្ដាញលូក្នុងខណ្ឌទាំង៤ កណ្ដាលរាជធានីភ្នំពេញ សម្រេចបាន ៥៧.៥០៩ម៉ែត្រ ស្មើនឹង ១៤% នៃគោលដៅដែលត្រូវសម្រេចឱ្យបានចំនួន ៤១៨.៩៥៤ម៉ែត្រ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានកោតសរសើរការខិតខំប្រឹងប្រែងស្ដារសំរាមប្រឡាយស្ទឹងមានជ័យ ចាប់ពីស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ស្ថានីយ៍បូមទឹកបឹងទំពុន សម្រេចបាន ១០០% ដែលមានសំរាមប្រមាណជា ៥.៤០០ ម៉ែត្រគូប ត្រូវបានយកចេញ ចំណែកការងារអភិវឌ្ឍប្រឡាយស្ទឹងមានជ័យទៅជាប្រឡាយបេតុង ក៏កំពុងបន្តស្ដារ និងរៀបចំបានចំនួន ២៤% ដែលមានសំរាមប្រមាណជា ១១.០០០ ម៉ែត្រគូប ត្រូវបានយកចេញ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទុកដាក់សំរាម និងប្រើប្រាស់ប្រព័ន្ធលូដែលជាសម្បត្ដិសាធារណៈឱ្យបានត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមកាត់បន្ថយការស្ទះសំរាមដែលជាហេតុធ្វើឱ្យទឹកហូរយឺតក្រោយពេលភ្លៀងខ្លាំងម្ដងៗ មិនតែប៉ុណ្ណោះក៏ជាការចូលរួមលើកកម្ពស់សោភណភាពរាជធានីភ្នំពេញផងដែរ។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមាចំពោះការជន់លិចក្នុងរាជធានីភ្នំពេញ៕