ការបង្ហាញលទ្ធផល និងវឌ្ឍនភាពគម្រោងសហការលើការអភិវឌ្ឍនគរូបនីយកម្ម រវាងរដ្ឋបាល រាជធានីភ្នំពេញ និងសាលាក្រុងប៉ារី
ថ្ងៃចេញផ្សាយ: Thursday, April 26, 2018, 2:12 PM
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធពិធីបើកសិក្ខា សាលាស្តីពី «ការបង្ហាញលទ្ធផល និងវឌ្ឍនភាពគម្រោងសហការលើការអភិវឌ្ឍនគរូបនីយកម្ម រវាងរដ្ឋបាល រាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស»ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី គណៈប្រតិភូតំណាងសាលាក្រុងប៉ារីស ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុនទាំងអស់ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។
សិក្ខាសាលាបានបង្ហាញពីលទ្ធផល ស្តីពីការសិក្សាតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ រួមមាន៖ បទបង្ហាញផែនទីនៃគម្រោងអភិវឌ្ឍន៍ក្នុងតំបន់បឹងជើងឯក និងទិន្នន័យដែលប្រមូលបាន, គម្រោងអភិវឌ្ឍន៍ផ្នែក បណ្ដាញធារាសាស្ត្រ ដើម្បីជួយតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញចៀសផុតពីគ្រោះទឹកជំនន់, ការលើកកម្ពស់តម្លៃនៃបរិស្ថាន និងសេដ្ឋកិច្ច , ការវិភាគទៅលើវិស័យទេសចរណ៍ និងការលើកគម្រោងប្លង់បណ្តាញផ្លូវ នៃគម្រោងអភិវឌ្ឍន៍ ដោយផ្អែកលើគម្រោងដែលមានស្រាប់ ។
គួរបញ្ជាក់ផងដែលថា៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ សម្រាប់ឆ្នាំ ២០១៦-២០១៨។ គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺផ្តោតទៅលើការជួយជ្រោមជ្រែង ដល់ការអភិវឌ្ឍរាជធានីភ្នំពេញលើផ្នែកសំខាន់ៗបី៖ ១.សិក្សា និងកសាងប្លង់លំអិតសម្រាប់ការរៀបចំទីក្រុងភ្នំពេញភាគខាងត្បូង ដើម្បីបញ្ជៀសទឹកជំនន់ និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍នានា ២.សិក្សា និងកសាងប្លង់លំអិត សម្រាប់ការដឹកជញ្ជូនសាធារណៈ ៣.ការរៀបចំលំហសាធារណៈ រួមមាន ការជួយរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រងលំហសាធារណៈ។