ការត្រួតពិនិត្យប្រព័ន្ធប្រឡាយ-លូ និងបញ្ហាការជន់លិចតំបន់មួយចំនួន
ថ្ងៃចេញផ្សាយ: Friday, May 18, 2018, 10:58 AM
ការបន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រឡាយ-លូ នៅតែជាអាទិភាពចម្បងរបស់រាជធានីភ្នំពេញ ព្រោះវាជាសរសៃឈាមយ៉ាងសំខាន់ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀង ។
នាព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំ ជាមួយមន្ទីរជំនាញ អាជ្ញាធរខណ្ឌ ស្ដីពីការត្រួតពិនិត្យប្រព័ន្ធប្រឡាយ-លូ និងបញ្ហាការជន់លិចតំបន់មួយចំនួន ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ក្រោមអធិបតីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ជាវិធានការ ដើម្បីដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងរបស់បងប្អូនប្រជាពលរដ្ឋដែលតែងតែជួបប្រទះនៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំបន្ទាន់មួយ ដើម្បីរិះរកវិធីសាស្រ្តសម្រាប់ដោះស្រាយឱ្យបានទាន់ពេលវេលា និងបញ្ជៀសឱ្យបាននូវបញ្ហាទាំងនោះ (ការជន់លិចដោយជំនន់ទឹកភ្លៀង) ទាំងពេលបច្ចុប្បន្ន និងអនាគត ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ ។
ដោយរដ្ឋបាលរាជធានីភ្នំពេញបានសម្រេច បង្កើតឲ្យមានការចុះពិនិត្យ និងស្ដារប្រព័ន្ធប្រឡាយ-លូ ទាំងប្រាំពីសង្កាត់ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ, ការបង្កើនសមត្ថភាពបូមរបស់ ស្ថានីយ៍បូមទឹកបឹងទំពុន,ការសាងសង់ស្ថានីយ៍បូមទឹកលូប្រាំ, ការងារស្តារប្រឡាយបឹងសាឡាង ប្រឡាយបឹងទំពុន និងប្រឡាយស្ទឹងមានជ័យ ដើម្បីធានាមិនអោយមានការជន់លិចដោយជំនន់ទឹកភ្លៀង នារដូវវស្សា ដែលកំពុង
ចាប់ផ្ដើមមកដល់នេះ ។
បញ្ជាក់៖ គម្រោងស្តារលូ និងការងារជួសជុលអណ្តូងលូ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រួមមាន ៖
– ការងារជួសជុលអណ្តូងលូ គម្របលូ ចំនួន ១៥៨កន្លែង
– ស្តារលូ ផ្លូវសរុបចំនួន៨៩ខ្សែ ប្រវែងសរុបចំនួន៤៣,៨០០ ម៉ែត្រ ។