ការងារសវនកម្មនៅរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ សម្រាប់ឆ្នាំ២០១៦ និងឆ្នាំពាក់ព័ន្ធ
ថ្ងៃចេញផ្សាយ: Wednesday, August 23, 2017, 10:28 PM
នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំស្ដីពីការងារសវនកម្មសម្រាប់កាលបរិច្ឆេទឆ្នាំ២០១៦ និងបណ្ដាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ក្នុងរាជធានីភ្នំពេញ។
គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នឹងចុះធ្វើសវនកម្មចំពោះរដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ និងសង្កាត់ ទៅលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង កិច្ចប្រតិបត្ដិហរិញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្ដិរដ្ឋ ដើម្បីធានាឱ្យបាននូវការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ និងទ្រព្យសម្បត្ដិរដ្ឋប្រកបដោយទំនួលខុសត្រូវ ជាមួយនឹងការផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ កាន់តែមានភាពល្អប្រសើរ ជាពិសេសនៅតាមបណ្ដារដ្ឋបាលខណ្ឌដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ។ តួយ៉ាងការិយាល័យច្រកចេញចូលតែមួយតាមបណ្តាខណ្ឌនីមួយៗ បាននឹងកំពុងជួយសម្រួល និងផ្ដល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ សិស្ស និស្សិត និងអាជីវករ ជាច្រើន តាមរយៈការផ្ដល់សេវាប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ។