ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សិក្ខាសាលាលើកទី៣ ស្តីពី Smoke-free Cities ASEAN...

សិក្ខាសាលាលើកទី៣ ស្តីពី Smoke-free Cities ASEAN Regional Workshop and the Summit of Smoke-free Leaders and Champions in the ASEAN

ថ្ងៃចេញផ្សាយ: Thursday, June 11, 2015, 2:42 PM

wkphl20210515(1)wkphl20210515(3)

         ឯកឧត្តម ប៊ុន សេរី អភិបាលរងរាជធានីភ្នំពេញ និងលោក លឹម ណូរ៉ា​ អនុប្រធានការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្ម នៃទីចាត់ការអន្តរវិស័យ និងជា​​សមាជិកក្រុមការ​ងារទីក្រុងគ្មាន ផ្សែងបារីរាជធានីភ្នំពេញ បានទៅចូលរួមសិក្ខាសាលាស្តីពី​ The 3rd Smoke-free Cities ASEAN Regional Workshop and the Summit of Smoke-free Leaders and Champions in the ASEAN Region ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៥ នៅទីក្រុងអ៊ីទ្បូអ៊ីទ្បូ ប្រទេសហ្វីលីពីន ដែល សហការ​​រៀបចំដោយសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍(SEATCA) អង្គការសុខភាព​ពិភព​លោក​ប្រចាំ តំបន់អាស៊ីប៉ាស៊ីភិច និងនាយកដ្ឋានសុខាភិបាលហ្វីលីពីន ដោយមានអ្នកចូលរួម ចំនួន ១២០នាក់ មកពី បណ្តាទីក្រុងនានា នៃប្រទេស​ជាសមាជិក​អាស៊ាន ។ គោលបំណងនៃសិក្ខាសាលានេះផ្តោតទៅលើការកសាង បណ្តាញទីក្រុងគ្មានផ្សែងបារី រវាងទីក្រុង រាជធានី និងខេត្ត​នានា ដើម្បី​បង្កើតជា​បណ្តាញ​ទីក្រុងគ្មានផ្សែងបារី របស់អាស៊ាន (SCAN) ។ សិក្ខាសាលាថ្ងៃទី១ (២០ ឧសភា ២០១៥) បាន​ផ្តោតទៅលើការសង្ខេបអំពី ការសិក្សា​លើ​ភាព​ខុសគ្នា​លើមាត្រា៨ នៃអនុសញ្ញា​ស្តីពីការត្រួតពិនិត្យថ្នាំជក់(FCTC): “ ការការពារ​ពីការប្រឈម​នឹងផ្សែងបារី និងការពង្រឹងយន្តការអនុវត្ត” ដោយមាន​ទស្សន​កិច្ចសិក្សាតំបន់គ្មានផ្សែងបារី នៅទីក្រុង អ៊ីទ្បូអ៊ីទ្បូ។ សិ​ក្ខាសាលាថ្ងៃទី២ (២១ ឧសភា ២០១៥) បានផ្តោតទៅលើ “ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ និង ជើងឯក​ដែលមិនពិសាបារី” ដែល​ក្នុងនោះបានចែករំលែកបទពិសោធន៍ផ្សេងៗគ្នារបស់អភិបាល រាជធានី ខេត្ត ក្រុង និងតំណាងក្រសួងសុខាភិបាល នៃ​ប្រទេស​សមាជិក​អាស៊ាន។ នៅក្នុងអំទ្បុងសិក្ខាសាលាថ្ងៃទី២នេះ​សាលារាជធានីភ្នំពេញ ត្រូវបានផ្តល់ ឱកាសឱ្យធ្វើបទ​បង្ហាញ​ក្រោម​ប្រធាន​បទ “ថ្នាក់ដឹក​នាំ​ដែលឈប់ពិសាបារី និងដឹកនាំនៅកម្ពុជា” ហើយបទបង្ហាញនេះត្រូវបានទទួលការគាំទ្រ និង កោត​សសើរ​ពីនាយិកាសម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ី​អាគ្នេយ៍ (SEATCA) និងលោកតំណាងអង្គការ សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីភិច(WHO-WPRO) ចំពោះការខិតខំពង្រឹង និងអនុវត្តគំរោង រាជធានីភ្នំពេញគ្មានផ្សែងបារី​របស់​សាលារាជធានី​ភ្នំពេញ។ នៅថ្ងៃដដែលនោះមានពិធីចុះហត្ថលេខាលើ សេចក្តីថ្លែងការគ្មានផ្សែងបារី ដែលបាន​ចុះ​ហត្ថលេខាដោយ ឯកឧត្តម ប៊ុន សេរី រួមជាមួយនិងអភិបាលក្រុង និងខេត្ត មកពីប្រទេសនានាដែលបានចូលរួមក្នុងសិក្ខាសាលានេះ។ អង្គសិក្ខាសាលា​បានឯកភាពគ្នាថានឹងរៀបចំសិក្ខាសាលាក្នុងតំបន់លើកទី៤ នាឆ្នាំ២០១៦ នៅទីក្រុងក្រាប៊ី ខេត្តក្រាប៊ី ព្រះរាជាណាចក្រថៃ។

wkphl20210515(2)wkphl20210515(4)wkphl20210515(5)

wkphl20210515(6)

         ដើម្បីឆ្លើយតបទៅតាមច្បាប់ត្រួតពិនិត្យថ្នាំជក់របស់ព្រះរាជាណាចក្រកម្ពុជាដែលដាក់ចេញឱ្យប្រើប្រាស់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ថ្មីៗ​នេះ ​និងស្មារតី​អាស៊ានគ្មានផ្សែងបារីនាពេលអនាគត សាលារាជធានីភ្នំពេញបានខិតខំ​បន្តយកចិត្តទុកដាក់​ចូលរួមទប់ស្កាត់រាល់មធ្យោបាយ​ផ្សព្វផ្សាយ​ដែលមាននិន្នាការទាក់ទាញអតិថិជនឱ្យប្រើប្រាស់ផលិតផលថ្នាំជក់​ និងអនុវត្តច្បាប់ត្រួតពិនិត្យថ្នាំជក់ឱ្យមានប្រសិទ្ធភាព​ សំដៅ​រួមចំណែកកាត់បន្ថយ​ឱ្យបានជាអតិបរមានូវការប្រើប្រាស់ផលិតផលថ្នាំជក់ ដើម្បីការពារ​ប្រជាពលរដ្ឋទូទៅនៅក្នុងរាជធានីភ្នំពេញ ជាពិសេសយុវ័យជំនាន់ក្រោយ ឱ្យរួចចាកផុត​ពីការបំផ្លាញសុខភាព សេដ្ឋកិច្ច    បរិស្ថាន ភាពក្រីក្រ​ ​​និងឈានទៅលុបបំបាត់ទាំងស្រុងរាល់ទំរង់នៃការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ការសេព និងការបង្ហុយ​ផែ្សង​ផលិតផលថ្នាំជក់នៅកន្លែងធ្វើការ សាលារៀន សួនកុមារ និងនៅតាមទីសាធារណៈ។​ ជាក់ស្តែង​ ​កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ​ក្រុមការងារទីក្រុងគ្មានផ្សែងបារីថ្នាក់រាជធានី និងថ្នាក់ខណ្ឌ​ទាំង១២ សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា និងអង្គការសុខភាព​ពិភពលោក​ប្រចាំនៅកម្ពុជា បានប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់នៅរមណីយដ្ឋានគ្មានផ្សែងបារីវត្តភ្នំ ​ព្រមទាំងធ្វើលំហាត់ប្រាណ​ដើម្បីសុខភាព​នៅសួន​ច្បារ​​​មុខវត្តបទុមវតីនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥។ ទន្ទឹមនេះ​ខណ្ឌមួយចំនួនបានរៀបចំយុទ្ធនាការ​ចុះបិទសញ្ញា​ហាមជក់បារី​នៅតាម​ទីតាំង​ភោជនីយដ្ឋាន អាហារដ្ឋាន ក្លិបកំសាន្ត ការទប់ស្កាត់រាល់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ការសេព និងការបង្ហុយ​ផែ្សង​ផលិតផលថ្នាំ​នៅតាម​ទីតាំង​សាធារណៈផងដែរ៕

wp290515(1)wp290515(2)
ការប្រារព្វទិវាពិភពលោកគ្មានថ្នាំជក់ នៅរមនីយដ្ឋានវត្តភ្នំ ថ្ងៃទី២៩​ ខែឧសភា ឆ្នាំ២០១៥

wtbt300515(1) wtbt300515(2)
លំហាត់ហា់ត់ប្រាណក្នុងឱកាសទិវាពិភពលោកគ្មានថ្នាំជក់ នៅសួនច្បារមុវត្តបទុមវតី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥

kcbp290515(1) kcbp290515(2)
ខណ្ឌច្បារអំពៅ ធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបិទស្លាកសញ្ញាហាមជក់បារី ២៩-០៥-១៥