(Khmer) ឯកឧត្ដម ឃួង ស្រេង ដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់សណ្តរស្ទឹង
Published Date: Thursday, April 13, 2023, 12:32 PM
(Khmer)
ការលើកទំនប់សណ្ដស្ទឹង ដើម្បីការពារទឹកជំនន់ព្រែកត្នោត រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារសម្រេចបានជិត៥០ភាគរយ គ្រោងអោយរួចរាល់នៅមុនរដូវវស្សាខាងមុខនេះ។
ដើម្បីអោយការងារនេះ សម្រេចទៅតាមផែនការ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់ពិធីបង្សុកូលរាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ័បុព្វបុរស និងប្រជាពលរដ្ឋដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រយះពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯកសង្កាត់ជើងឯក ខណ្ឌដង្កោរួចមក ឯកឧត្ដមបានដឹកនាំអាជ្ញាធរនិងមន្ទីរជំនាញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់សណ្តរស្ទឹង នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ខណៈការដ្ឋាននេះសម្រេចបានប្រមាណជិត៥០ភាគរយហើយនោះ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣នេះថា ការដ្ឋានស្ថាបនាទំនប់សណ្តរស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ មានទទឹង៦ម៉ែត្រ បណ្តោយប្រវែង៦៥៤៦ម៉ែត្រ។ ទំនប់នេះ ក្រៅពីការពារទឹកជំនន់ព្រែកត្នោត ហើយ ទំនប់នេះក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ។ ទំនប់នេះបានបើកការដ្ឋានកាលពីដើមខែមីនាឆ្នាំ២០២៣នេះ ដោយគ្រោងអោយរួចរាល់នៅមុនរដូវវស្សាខាងមុខ។ ការដ្ឋាននេះសម្រេចលើការចាក់ដីលើកជាទំនប់បានប្រមាណ ៣.០០០ម៉ែត្រ ស្មើនឹង៤៥%។
ឯកឧត្ដម ឃួង ស្រេង បានប្រសាសន៍លើកឡើងថា៖ គម្រោងលើកជាទំនប់សណ្តរស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ យើងបានលើកខ្ពស់ជាងមុន ហើយក៏មានទំហំធំជាងមុនផងដែរ។ ទំនប់នេះមិនត្រឹមតែជាទំនប់ការពារទឹកជំនន់ប៉ុណ្ណោះទេ វាក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ។ បន្ថែមពីនេះទៀត ដោយសារទំនប់យើងធំ ពេលមានទឹកជំនន់កើតឡើង យើងអាចទប់លើទំនប់នេះបាន ហើយប្រជាពលរដ្ឋក៏នៅតែអាចធ្វើដំណើរបានជាធម្មតាថែមទៀត៕