(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ រកដំណោះស្រាយជូនប្រជាពលលរដ្ឋដែលកំពុងរស់នៅលើអគារអង្គរជ័យ មានសភាពចាស់ទ្រុឌទ្រោម
Published Date: Monday, August 31, 2020, 4:36 PM
(Khmer)
ដោយគិតពីសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើអគារអង្គរជ័យ មានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស (BS) ជាអគារមួយមានសភាពចាស់ទ្រុឌទ្រោម មានអាយុកាល៧០ឆ្នាំមកហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញប្រជាពលរដ្ឋដែលរស់នៅអគារនេះ មកប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះស្រាយឲ្យបានសមស្រប ចៀសវាងបាននូវហានិភ័យផ្សេងៗ ដែលកើតមានឡើងជាយថាហេតុពីអគារចាស់នេះ។
ការផ្សព្វផ្សាយពីស្ថានភាពអគារចាស់ទ្រុឌទ្រោមខាងលើ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋដែលស្នាក់នៅអគារខាងលើនេះ ប្រមាណជាង ១០០នាក់។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា អគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្ម ប៊ីអេស នៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល ៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ដោយយថាហេតុ។ ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបរដ្ឋបារាជធានីភ្នំពេញ អញ្ជើញប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះ មកប្រជុំពិភាក្សាគ្នារកដំណោះស្រាយ ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការអញ្ជើញប្រជាពលរដ្ឋមកនេះ គឺដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្រប។ រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំងអស់ និងម្យ៉ាងទៀត គឺដើម្បីរក្សាការពារនូវអាយុជីវិត ដោយប្រជាពលរដ្ឋមិនអាចរស់អគារនេះបានទៀតទេ។
«អ្វីដែលជាគោលបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីតាំងនេះ ជាមួយនឹងការប្រឈមមុខនូវហានិភ័យខ្ពស់ បែបសព្វថ្ងៃនេះទេ»។ នេះជាការបញ្ជាក់បន្ថែម របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋមួយចំនួន ក៏បានលើកឡើងពីបំណងរបស់ពួកគាត់ផងដែរ ដោយពួកគាត់ទទួលស្គាល់ថា អគារខាងលើពិតជាអគារចាស់ទ្រុឌទ្រោមពិតមែន និងស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយដោះស្រាយ របៀបដូចជាជួសជុល ឬក៏ការដោះស្រាយដូចនៅអគារនៅប៊ូឌីង។