(Khmer) ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងទី១២ បុរីវិមានភ្នំពេញ
Published Date: Wednesday, June 30, 2021, 6:09 PM
(Khmer)
បើទោះបីជាវិបត្តិកូវីដ-១៩ បាននឹងកំពុងរីករាលដាល និងបានគំរាមកំហែងមកលើកម្ពុជាយ៉ាងក៏ដោយ ប៉ុន្តែវិស័យសំណង់ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ពោលគឺបានកម្រើកឡើងវិញ និងបានផ្តល់ការងារដល់កម្មករ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
ជាក់ស្តែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតិភាព ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងទី១២ បុរីវិមានភ្នំពេញ របស់ក្រុមហ៊ុន លី ហួរ ឌីវិឡុបម៉ិនវិមានភ្នំពេញ ជាមួយអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌឺវិឡុបមិនវិមានភ្នំពេញ នៅតាមបណ្តាយផ្លូវ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានផ្តល់ការងារដល់កម្មករពី ១.៥០០នាក់ ទៅ២.០០០នាក់។
ក្រៅពីផ្តល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងអំឡុងពេលវិបត្តិកូវី-១៩ ក្រុមហ៊ុន លី ហួរ ឌឺវិឡុបមិនវិមានភ្នំពេញ បានបើកគម្រោងថ្មីនេះ ក៏បានចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញមួយផ្នែក ដោយកែប្រែតំបន់ដែលជាទីតាំងដីឡូតិ៍ទុកចោល មិនមានមនុស្សរស់នៅ ទៅជាសំណង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋទិញស្នាក់នៅ និងប្រកបអាជីវកម្ម ធ្វើឲ្យតំបន់នោះក្លាយជាទីប្រជុំជន មានមនុស្សអូរអរ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាតជាដើម។
គួរបញ្ជាក់ថា ៖ ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ ឌីវិឡបម៉ិន វិមានភ្នំពេញបង្កើតបានចំនួន១២គម្រោងស្ថិតនៅទីតាំងផ្សេងៗគ្នា និងមានផែនការបង្កើតគម្រោងបន្តបន្ទាប់ទៀតទៅថ្ងៃអនាគត៕