(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ទទួលអំណោយ អង្ករជាង១៥០តោន ពីក្រសួងកសិកម្មនិងកងទ័ព ដើម្បីចែកជួនពលរដ្ឋដែលកំពុងបិទខ្ទប់នៅតំបន់ក្រហម
Published Date: Friday, April 30, 2021, 6:12 PM
(Khmer)
ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ស៊ីម អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងអោយនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកស្បៀងអាហារ ដែលក្នុងនោះ មានទាំងអង្ករជាង១៥០តោន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែល ទទូលរងគ្រោះ ឬប៉ះពាល់ ពីជម្ងឺរាតត្បាតកូវីដ-១៩. ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម។
ពិធីប្រគល់ និងទទួលស្បៀងអាហារខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយឯកឧត្តម វេង សាខុន និងឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ស៊ីម និងឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ។
អំណោយដែលប្រគល់ជូន ដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មករដ្ឋបាលរាជធានីភ្នំពេញនេះ មានអង្ករចំនួន៧៨តោន ដែលអង្ករទាំងនេះបានមកពីការជួយឧបត្ថមពីរាជរដ្ឋា ភិបាលនៃប្រទេសជប៉ុនប្រគល់មកឱ្យកម្ពុជា។ ចំណែកឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងឱ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយមកប្រគល់ជូន សាលារាជធានីភ្នំពេញ រួមមាន អង្ករ៧៥តោន ត្រីខ ៣០០កេស ទឹកស៊ីអ៊ីវ ៣០០០យួរ ទឹកត្រី ៣០០០យួរ និងមី៦០០០កេសតូច ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះ ឬប៉ះពាល់ធ្ងន់ធ្ងរពីជម្ងឺរាតត្បាតកូវីដ-១៩ នៅក្នុងតំបន់ក្រហម។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍ថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តមឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងអោយនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបាននាំយកស្បៀងអាហារទាំងនេះ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩នៅតំបន់ក្រហម។
កាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាអោយបានទាន់ពេលវេលា៕