(Khmer) ព្រះមហាក្សត្រនិងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជាច្រើនមុខ ផ្ដល់ជូនរដ្ឋបាលរាជធានី ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ពាក់ព័ន្ធកូវីដ-១៩
Published Date: Monday, April 26, 2021, 5:35 PM
(Khmer)
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកប្រជាពលរដ្ឋរស់នៅតំបន់ក្រហមនៅរាជធានីភ្នំពេញ ពាក់ព័ន្ធជម្ងឺកូវីដ-១៩ ដែលបាននឹងកំពុងរីករាលដាលនៅពេលនេះ។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតី សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ សូមថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយតាមរយៈសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមមានអង្ករ៥០តោន មី ចំនួន ២.០០០កោសតូច, ត្រីខចំនួន ២.០០០យួរ ទឹកសុទ្ធ៣០០កេស និងម៉ាស់១២.០០០បន្ទះ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក រស់នៅក្នុងតំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ។
ឯកឧត្តមបន្តថា ៖ព្រះរាជអំណោយដ៏ថ្លៃថ្លាខាងលើ ពិតជាបានរួមចំណែកដល់ការទំនុកបម្រុងជាស្បៀងដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅរាជធានីភ្នំពេញ និងបានបង្ហាញឱ្យឃើញពីទឹកព្រះទ័យមនុស្សធម៌ របស់សម្ដេចព្រះមហាក្សត្រី ដែលជានិច្ចជាកាល ព្រះអង្គតែងតែបរិច្ចាគនូវទ្រព្យធន និងជំនួយឧបត្ថម្ភផ្សេងៗ សំដៅជួយដោះស្រាយនូវជីវភាពរបស់ប្រជាពលរដ្ឋ ទីទ័លក្រនៅទូទាំងប្រទេស។
ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ ដ៏សែនសុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរជាកូនចៅរបស់ព្រះអង្គជ្រកកោនជាយូរអង្វែងតរៀងទៅ។
ឯកឧត្តម ឃួង ស្រេង ជាមួយគ្នានោះក៏បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយព្រះអង្គ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី មន្ដ្រីក្រសួងព្រះបរមរាជវាំងផងដែរ ដោយរួមមាន៖ ១. អង្ករ៥០តោន, មី ២.០០០កេសតូច, ត្រីខ ២.០០០យូរ ទឹកសុទ្ធ៣០០កេស សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក រស់នៅក្នុងតំបន់ក្រហមនៃភូមិ សាស្ត្ររាជធានីភ្នំពេញ និងអង្ករ៥តោន, មី ៣០០កេសតូច, ត្រីខ៣០០យួរ ទឹកសុទ្ធ៥០កេស សំរាប់ចែកជូនកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដែលកំពុងបំពេញភារកិច្ចតាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ដ្ររាជធានី ភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរបវរ មហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ដ៏សែនសុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរជាកូនចៅរបស់ព្រះអង្គជ្រកកោនជាយូរអង្វែងតរៀងទៅ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវ អភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕