(Khmer) រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋ និងកម្មករ ទីទាល់ក្រជាង១ម៉ឺនគ្រួសារនៅថ្ងៃនេះ
Published Date: Monday, April 26, 2021, 2:47 PM
(Khmer)
រដ្ឋបាលរាជធានីភ្នំពេញ សហការគ្នាជាមួយកម្លាំងកងទ័ពជើងគោក បាននឹងកំពុងរៀបចំ ចាត់ចែង យកស្បៀងអាហារ ចុះទៅចែកជូនប្រជាពលរដ្ឋ និងកម្មករទីទាល់ក្រជាង១ម៉ឺនគ្រួសារ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ទៅតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្រុមការងារ អាជ្ញាធរតាមខណ្ឌ និងកងកម្លាំងកងទ័ព បាននឹងកំពុងដុតដៃ ដុតជើងក្នុងការដឹកជញ្ជូនស្បៀងអាហារទៅតាមគោលដៅខណ្ឌនីមួយៗ ដែលត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ខណៈដែលទីតាំងរបស់ពួកគាត់ជាកន្លែងបិទខ្ទប់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ខណៈដែលឯកឧត្តម តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អញ្ជើញទទួលអំណោយ ពីលោក យុន ប៊ុនលី និងលោកស្រី ហៀវ លន់ សមាជិក សមាជិកាសមាគមកាយរឹទ្ធិនារីកម្ពុជា នៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។
អំណោយដែលប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ មានអង្ករចំនួន១៥តោន ដើម្បីយកទៅចាត់ចែងក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះពីមួយថ្ងៃទៅមួយថ្ងៃ នៅតែបន្តការរាលដាលឥតឈប់ឈរ។
ក្រៅពីការលើកឡើងខាងលើ ឯកឧត្តម កើត ឆែ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក-លោកស្រី ជាសប្បុរសជនខាងលើ ដែលបានឧបត្ថម្ភមករដ្ឋបាលរាជធានីភ្នំពេញ ដែលនេះជាកាយវិការដ៏ប្រពៃ ប្រកប ដោយមនុស្សធម៌ និងគុណធម៌ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសបានទាន់ពេលវេលា៕