(Khmer) រដ្ឋបាលរាជធានីភ្នំពេញ ហាមការធ្វើចរាចរណ៍ចំពោះឡានធំ ដឹកធ្ងន់ឆ្លងកាត់ផ្លូវលេខ២០អា ខណៈមានទឹកហូរកាត់នៅយប់ទី២៥ ខែតុលា ឆ្នាំ២០២១នេះ
Published Date: Tuesday, October 26, 2021, 8:40 AM
(Khmer)
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមការធ្វើចរាចរណ៍ចំពោះឡានធំ ឡានដឹកធ្ងន់ឆ្លងកាត់ផ្លូវលេខ២០អា ចាប់ពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១តទៅ តែអាចឱ្យធ្វើចរាចរណ៍បានចំពោះឡានតូចនិងម៉ូតូ។
ការសម្រេចបែបនេះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ខណៈដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹកទាំងយប់ នៅតំបន់នោះ។
កំណាត់ផ្លូវលេខ២០អា ដែលត្រូវបិទនេះ ចាប់ពីរង្វង់មូលកួរស្រូវ ឆ្លងកាត់សង្កាត់ រលួស និងសង្កាត់គងនយ ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយការសម្រេចមិនឱ្យមានការធ្វើចរាចរណ៍ចំពោះឡានធំ ដឹកទំនិញឆ្លងកាត់ផ្លូវលេខ២០អានេះ គឺដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវមួយនេះ។
ប៉ុន្តែតែទោះបីជាយ៉ាងណាក្តី នៅម៉ោង១១យប់នេះ ឯកឧត្តម លឹម គានហោ បានសម្រេចបិទទ្វាទឹកជាច្រើនទ្វាទឹក នៅខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថាយការលិចលង់ខ្លាំងនៅយប់នេះ។
បន្ទាប់មកទៀតនៅម៉ោង១២និង៣០នាទីយប់ថ្ងៃដដែល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានបន្តដំណើរមកពិនិត្យទ្វាទឹកនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោទៀត៕