(Khmer) រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្ពានបេតុង និងស្ពានខ្សែកាបតំបន់អភិវឌ្ឍន៍កោះនរា
Published Date: Monday, October 26, 2020, 3:21 PM
(Khmer)
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលី បើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពានបេតុងខ្សែកាបពីតំបន់កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ពិធីតាមបែបសាសនានេះ ធ្វើឡើងនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC។
ពិធីក្រុងពាលីនេះ ធ្វើឡើងក្នុងន័យសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រើននៅមុនពេលបើកការដ្ឋានសាងសង់ស្ពានបេតុងនេះជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤,៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ។
ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ។
ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។
សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ៕