(Khmer) ៣ខណ្ឌទៀតស្មើនឹង២០ទីតាំង រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យ បាននឹងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនពលរដ្ឋ
Published Date: Tuesday, May 25, 2021, 1:48 PM
(Khmer)
រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារនិងក្រុមគ្រូពេទ្យ បាននឹងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿង ចំនួន៣ខណ្ឌបន្ថែមទៀត ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។
ការបង្កើតឱ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន៣ខណ្ឌបន្ថែមទៀតនេះ បានចាប់ផ្តើមឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ទៅតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី០៧ មិថុនា ឆ្នាំ២០២១ ដែលមានរហូតដល់ចំនួន២០ទីតាំង។
ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺត្រូវចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយមិនគិតថា ជាតំបន់លឿង លឿងទុំនោះទេ ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យទទួលបានជោគជ័យ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ គ្រប់ទីតាំងទាំង២០ នៅក្នុងខណ្ឌចំនួន៣ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនៃការចាក់វ៉ាក់សាំងនេះយ៉ាងរលូន រក្សាបាននូវគម្លាតសុវត្ថិភាព សង្គម ពាក់ម៉ាស់ តម្រង់ជួរ និងមិនឈរប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តែងចុះពិនិត្យមើលជាប្រចាំចំពោះទីតាំងនៃការចាក់វ៉ាក់សាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលចុះពិនិត្យម្តងៗ ឯកឧត្តមអភិបាលតែងបានណែនាំដល់អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលត្រូវមកទទួលយកវ៉ាក់សាំង ដោយត្រូវរក្សាឱ្យបានដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់។ ត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវ វិធានការសុខាភិបាល និងវិធានការ «៣ ការពារ និង៣កុំ » របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅកាត់ផ្តាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង« ព្រឹត្តិការណ៏សហគមន៍ ២០ កុម្ភៈ ២០២១» នៅរាជធានីភ្នំពេញ ឱ្យបានឆាប់នាពេលខាងមុខនេះ។
គួរបញ្ជាក់ថា ៖ អតីតតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលបានឲ្យក្រុមគ្រូពេទ្យសម្រុកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គិតត្រឹមថ្ងៃ២៤ ខែឧសភា ម្សិលម៉ិញ បានចំនួន ៧៧២.៣២៣នាក់ហើយ សម្រាប់ដូសទី១ និងបានចំនួន ៣៨៥.០៤៦នាក់ សម្រាប់ដូសទី២ នៅក្នុងខណ្ឌចំនួន៤ គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ៕