(Khmer) ឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងតំណាងស្ថានទូតចិន ចុះពិនិត្យការព្យាបាលអ្នកកើតជំងឺកូវីដនៅមន្ទីរពេទ្យរុស្ស៊ី
Published Date: Thursday, February 25, 2021, 3:08 PM
(Khmer)
ដើម្បីជំរុញឱ្យការព្យាបាលដំណើរការទៅដោយរលូន មានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយតំណាងស្ថានទូតចិន និងក្រុមការងារពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានដឹកនាំកម្លាំង ចុះពិនិត្យជាក់ស្ដែងនៅទីបញ្ជាការស្រាលមួយកន្លែង នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី ដើម្បីសហការក្នុងការយកចិត្តទុកដាក់មើលថែទាំអ្នកជំងឺ។
មន្ត្រីជំនាញឱ្យដឹងថា នៅពេលនេះជនបរទេស មន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុន និងប្រជាពលរដ្ឋកម្ពុជាចំនួន ៤២នាក់ បាននឹងកំពុងសំរាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក្រោយពីអ្នកទាំងនេះត្រូវបានរកឃើញថា មានភាពវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភ:។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ការបង្ការនូវជំងឺកូវីដ-១៩ ក្រោយបានរកឃើញថា មានវិជ្ជាមាន កូវីដ-១៩ ហើយយើងបានយកពួកគាត់ទៅដាក់តាមមន្ទីរពេទ្យនានា ដែលយើងបានរៀបចំទុក និងបានយកចិត្តទុកដាក់ក្នុងការព្យាបាលដោយមិនគិតថា អ្នកជំងឺទាំងនោះ ជាជនជាតិបរទេស ជនជាតិខ្មែរនោះទេ ហើយការព្យាបាល ក៏មិនត្រូវអោយមានការបង់ប្រាក់នោះដែរ។
ឯកឧត្តម ឃួង ស្រេង ក៏បានសូមឲ្យអ្នកជំងឺទាំងអស់សហការជាមួយគ្រូពេទ្យ និងក្រុមការងារ ដោយរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អ គោរពទៅតាមបទបញ្ជា ការណែនាំរបស់គ្រូពេទ្យ។
បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះស្ថានទូតចិនដែលបាន សហការ បានយ៉ាងល្អ ជុំវិញការស្រាវជ្រាវការផ្ដល់ព័ត៌មានជុំវិញជនជាតិចិនដែលសង្ស័យថាមានផ្ទុកកូវីដ-១៩។
ពាក់ព័ន្ធបញ្ហានេះ លោក ងី ម៉េង ប្រធានមន្ទីរពេទ្យរុស្ស៊ី បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យរុស្ស៊ី បាននឹងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន៤២នាក់ ដែលមានទាំងមន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុន និងប្រជាពលរដ្ឋកម្ពុជាផងដែរ។
ពួកគាត់ទាំងនេះទទួលបានព្យាបាលដោយការយកចិត្តទុកដាក់ពីសំណាក់ លោកគ្រូ-អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យរុស្ស៊ី។ ចំណែកតំណាងស្ថានទូតចិនវិញ ក្នុងឱកាសនោះ ក៏បានអរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនជនជាតិចិនមានកូវីដ-១៩ ស្នាក់នៅកម្ពុជា៕