(Khmer) រដ្ឋបាលរាជធានី គ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ
Published Date: Saturday, July 25, 2020, 9:18 AM
(Khmer)
រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺចំនួនពីរខ្សែ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយអនុវត្តដោយក្រុមហ៊ុន L N S k ខនស្ត្រាក់សិន ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរមានភាពងាយស្រួល និងជាការលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរផងដែរ។
ការសម្រេចឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺខាងលើនេះ ធ្វើឡើងខណៈដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីខណ្ឌទួលគោក ចុះពិនិត្យមើលស្ថានភាពផ្លូវទាំងពីរខ្សែនេះកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ពោលគឺក្រោយពីលោកអភិបាលរាជធានី បញ្ចប់ពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពានអាកាសថ្មើជើងក្នុងសង្កាត់ផ្សារដើមគរ ជាប់ព្រំប្រទល់សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កំណាត់ផ្លូវទាំង២ខ្សែដែលគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺនេះ រួមមានផ្លូវលេខ១៨៦ និងផ្លូវលេខ២៤៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងខណៈចុះពិនិត្យមើលស្ថានភាពផ្លូវទាំង២ខ្សែនេះបានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការអ៊ុតកៅស៊ូលើបណ្ដោយផ្លូវ២ខ្សែ ក្នុងនោះមានផ្លូវលេខ១៨៦ និងផ្លូវលេខ២៤៧ ដោយអ៊ុតជាប្រភេទកៅស៊ូបេទីមីណឺ ក្នុងនោះសម្រាប់ផ្លូវ២៤៧ គឺចាប់ផ្ដើមពីផ្លូវលេខ១៨៦ ដល់មុខសាលាបឋមសិក្សាទឹកល្អក់។ ចំណែកផ្លូវលេខ១៨៦វិញ នឹងអ៊ុតចាប់ពីផ្លូវលេខ២៤៧ ដល់ផ្លូវលេខ ២៦១ ។
ការអ៊ុតកៅស៊ូផ្លូវទាំងពីរខាងលើនេះ គឺដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍ ការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋអោយមានភាពងាយស្រួល ហើយក៏ជាការលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ស្អាតផងដែរ៕