(Khmer) ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ការពារឱ្យបាននូវការវាយកំទេច និងបំផ្លាញសំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋាន
Published Date: Saturday, October 23, 2021, 2:25 PM
(Khmer)
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ការពារឱ្យបាននូវការវាយកំទេច និងបំផ្លាញសំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលសំណង់អគារបេតិកភណ្ឌទាំងនេះ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ការជំរុញបែបនេះ របស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និង សម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២២ ខែតុលាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បីឱ្យអាជ្ញាធរ ក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ អនុវត្តឱ្យបាននូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ការវាយកំទេចនិងការបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយកិច្ចប្រជុំនេះ យើងនឹងបង្កើតឱ្យមានក្រុមការងារមួយ ចុះពិនិត្យ និងស្រង់ស្ថិតិអគារបេតិកភណ្ឌ ដែលមាននៅក្នុងរាជធានីភ្នំពេញទាំងអស់។ ក្រោយមកទៀតយើងនឹងប្រគល់អាគារបេតិកភណ្ឌទាំងនោះ ទៅឱ្យអាជ្ញាធរខណ្ឌធ្វើការគ្រប់គ្រងបន្ត។ ការធ្វើបែបនេះ ទើបយើងអាចរក្សាអាគារបេតិកភណ្ឌទាំងនេះបានគង់វង្ស។
បើយោងតាមរយៈសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ មានន័យថា ៖ ដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌ វប្បធម៌ ដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជ រដ្ឋាភិបាល បានហាមឃាត់ចំពោះការកែប្រែ ការប្ដូររូបរាងខាងក្រៅ ឬ ធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។ បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារ និងក្រៅតំបន់ការពារ ដោយផ្ដោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្ស និងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព។ សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕