(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អំពាវនាវដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩
Published Date: Friday, April 23, 2021, 3:36 PM
(Khmer)
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់បងប្អូន កម្មករកម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលរាជរដ្ឋាភិបាល បានបិទខ្ទប់រាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃនេះ និងដើម្បីយើងឆាប់បានបើករាជធានីភ្នំពេញមកប្រក្រតីភាពឡើងវិញ។
ការអំពាវនាវបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃសុក្រទី២៣ ខែមេសា ឆ្នាំ២០២១នេះ ខណៈដែលឯកឧត្តមចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២.១៦៣គ្រួសារ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងសង្កាត់ទួលសង្កែទី១ ចំនួន ១.៦៦៣គ្រួសារ និងសង្កាត់ទួលសង្កែទី២ ចំនួន ៥០០គ្រួសារ ក្នុងខណ្ឌឫស្សីកែវ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ ការចូលរួមរបស់បងប្អូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋទាំងអស់ ពិតជាមានតម្លៃខ្លាំងណាស់ ធ្វើឱ្យការបិទខ្ទប់រាជធានីភ្នំពេញ ប្រើប្រាស់រយៈពេលខ្លី។ដូច្នេះសូមបងប្អូនទាំងអស់ចូលរួមសហការ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយឲ្យបាននូវការរីករាលដាលនៃជំងឺកូវី-១៩ និងឆាប់បានបើកក្រុងភ្នំពេញមកប្រក្រតីភាពឡើងវិញ។
ឯកឧត្តមបញ្ជាក់ផងដែរថា៖ ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនមិនឲ្យធ្វើការចល័តពីផ្ទះមួយទៅផ្ទះមួយពីភូមិមួយទៅភូមិមួយពីរខណ្ឌមួយទៅខណ្ឌមួយ ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការលំបាកហើយ។ ប៉ុន្តែយើងធ្វើនេះគឺដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ឱ្យបានរស់រានមានជីវិតសិន។ ក្រោយព្រឹត្តិការណ៍កូវីដ-១៩ យើងនឹងដំណើរការបើករាជធានីភ្នំពេញឡើងវិញ នៅពេលបើករាជធានីភ្នំពេញឡើងវិញ នោះការបើកអាជីវកម្ម ផ្សារនិងរោងចក្រនានាក៏ត្រូវតែបើកដំណើរការព្រមៗគ្នាផងដែរ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ៖ រដ្ឋបាលរាជធានីភ្នំពេញ មិនចង់អនុវត្តនូវការផាកពិន័យពី១លានរៀលទៅ៥លានរៀល ចំពោះការល្មើសនឹងបំរាមរបស់រាជរដ្ឋាភិបាលនោះទេ។ ដូច្នេះសូមបងប្អូនទាំងអស់យោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានី ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីកាត់ផ្ដាច់ឲ្យបាននូវការឆ្លងនៃជំងឺកូវីដ-១៩នេះ និងដើម្បីយើងអាចបើករាជធានីភ្នំពេញ អោយមកជាប្រក្រតីភាពដូចប្រក្រតីឡើងវិញ។
អំណោយដែលចែកជូននៅពេលនោះរួមមាន៖អង្ករ២៥គីឡូ មីមួយកេស ទឹកសុីអុីវមួយយួរ ទឹកត្រីមួយយួរ និងត្រីខមួយយួរ ក្នុងមួយគ្រួសារ៕