Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យ ក្រុមហ៊ុ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យ ក្រុមហ៊ុន រោងចក្រ សហគ្រាស ទៅបញ្ជាក់សិទ្ធិអនុញ្ញាតពីអាជ្ញាធរ ដើម្បីឱ្យ បុគ្គលិក កម្មករ និយោជិត របស់ខ្លួន ធ្វើដំណើរក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញ

Published Date: Sunday, April 18, 2021, 3:28 PM

(Khmer)

img180421b9 img180421b4

 

 

 

 

 

          រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ថិតក្នុងភាពអនុគ្រោះឱ្យដំណើរការអាជីវកម្ម ពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ ១៤ថ្ងៃនេះ រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ កម្មការិនី របស់ខ្លួនទៅបញ្ជាក់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងនៅតាមខណ្ឌទាំង១៤ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ។

            ការបញ្ជាក់បែបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការងាររឹតបណ្ដឹងការបិទខ្ទប់តាមច្រកចេញ-ចូលនានា ក្នុងរាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

              ការសុំលិខិតបញ្ជាក់នេះ ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់។

            ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ៖ដោយមានបញ្ហាស្មុគស្មាញមួយចំនួននៅតាមគោលដៅ ដែលសមត្ថកិច្ច ដាក់កម្លាំងដើម្បីបិទខ្ទប់ ពិសេសលើការពិនិត្យឯកសារនៃការអនុញ្ញាតឱ្យចេញ ចូល បង្កអោយមានការកកស្ទះចរាចរណ៍ជាអន្លើនោះ ទើបរដ្ឋបាលរាជធានីភ្នំពេញធ្វើការណែនាំអោយខណ្ឌទាំង១៤ ដើម្បីចេញលិខិតអនុញ្ញាតខាងលើនេះ។

            ឯកឧត្តមបន្តថា ៖ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ តាមរយៈសេចក្តីណែនាំថ្មីមួយនៅថ្ងៃអាទិត្យទី១៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អ្នកដែលត្រូវផ្តល់អាទិភាពធ្វើដំណើរ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១៖ រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ-កម្មការិនី នៃទីតាំងអាជីវកម្មរបស់ខ្លួន ដោយត្រូវកាត់បន្ថយនូវចំនួន មកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ០២ភាគរយ នៃចំនួនបុគ្គលិក ឬកម្មករ-កម្មការិនីសរុប (ភ្ជាប់បញ្ជីឈ្មោះបុគ្គលិកនិងកម្មករសរុប) និងត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ធានាអះអាងចំនួន ០២ភាគរយ នៃបុគ្គលិក កម្មករ-កម្មការិនី ពីម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មដ្ឋាន។

២៖ ត្រូវស្នើសុំទៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ ឬនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ ពិសេស ក្នុងមូលដ្ឋានខណ្ឌដែលទីតាំងអាជីវកម្មរបស់ខ្លួនតាំងនៅ ដើម្បីចេញលិខិតបញ្ជាក់អំពីការធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនដល់ម្ចាស់   អាជីវកម្ម និងបុគ្គលិក កម្មករ-កម្មការិនី។

            ក្រៅពីបញ្ហាខាងលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញអោយអាជ្ញាធរខណ្ឌទាំងអស់ ពិសេសខណ្ឌ៣ដែលកំពុងចត្តាឡីស័ក ត្រូវកំណត់ទីតាំងឱ្យបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានបញ្ហាប្រឈមជីវភាពខ្លាំង ដើម្បីយើងបានយកអំណោយទៅចែកជូនពួកគាត់បានទាន់ពេលវេលា៕

img180421b2 img180421b8 img180421b6 img180421b3 img180421b1 img180421b7