(Khmer) រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៨២៧គ្រួសារ កំពុងធ្វើចត្តាឡីស័ក និងរាំងខ្ទប់ នៅសង្កាត់ស្ទឹងមានជ័យទី៣
Published Date: Sunday, April 18, 2021, 3:02 PM
(Khmer)
នៅព្រឹកថ្ងៃអាទិត្យថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន ៨២៧គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ ដែលបានរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូ, មី ១កេស, ត្រីខ ២យួរ រួមទាំងថវិកា ៣០០.០០០ រៀល។
ឯកឧត្តម អភិបាលរងរាជធានីភ្នំពេញ បានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសំរាកធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាតមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារនោះទេ។ ទន្ទឹមនឹងនេះ ឯកឧត្ដម អភិបាលរងរាជធានីភ្នំពេញ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពង់ធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័ក អោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់៕