(Khmer) ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់មេក្រូកាន់ដៃ៥០គ្រឿងជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់តាមគោលដៅបិទខ្ទប់រាជធានី
Published Date: Friday, April 16, 2021, 9:32 PM
(Khmer)
ដើម្បីការពារឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅដល់កងកម្លាំងមានសមត្ថកិច្ចដែលបាននឹងកំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់ទាំងអស់ និងគោលដៅចេញ ចូលរាជធានីភ្នំពេញ ព្រមទាំងគោលដៅនៅ កណ្តាលក្រុងផងនោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រគល់ឧបករណ៍ឃោសនស័ព្ទ (មេក្រូកាន់ដៃ) ចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ អោយមានគម្លាតពីអ្នកធ្វើដំណើរ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖ការប្រគល់ឧបករណ៍ឃោសនស័ព្ទ(មេក្រូកាន់ដៃ) ចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញនេះ គឺដើម្បីឱ្យកងកម្លាំងយើងយកទៅប្រើប្រាស់ អោយមានគម្លាតសុវត្ថិភាពពីអ្នកធ្វើដំណើរ ចៀសវាងកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ខណៈដែលកម្លាំងសមត្ថកិច្ចកន្លងមក និយាយដោយមាត់ មិនមានមេក្រូកាន់ដៃ បំពងសំលេង ។
គួរបញ្ជាក់ផងដែរថា ៖ជុំវិញការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ទីតាំងត្រួតពិនិត្យ ច្រក ចេញ ចូល រាជធានីភ្នំពេញចំនួន៩គោលដៅ និងដាក់គោលដៅដើម្បីត្រួតពិនិត្យនៅតាមបណ្តាខណ្ឌទាំង១៤ចំនួន២៨គោលដៅទៀត សរុបទាំងអស់ចំនួន៣៧គោលដៅ ។
លោកឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ខណៈមកទទួលឧបករណ៍ឃោសនស័ព្ទ (មេក្រូកាន់ដៃ) ទាំង៥០គ្រឿង ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកបានបញ្ជាក់ថា មេក្រូកាន់ដៃទាំងនេះនឹងយកទៅប្រគល់ជូនសមត្ថកិច្ចនគរបាល ដែលឈជើងនៅគ្រប់គោលដៅទាំងអស់ ដើម្បីបាននិយាយណែនាំពីវិធានផ្សេងៗ បានឆ្ងាយពីប្រជាពលរដ្ឋ៕