(Khmer) ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំអាជ្ញាធរ និង សមត្ថកិច្ច បើកទូលាយចំពោះបងប្អូនអាជីវករ ដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នៅ ទីផ្សារ និងមានវិធានការម៉ឺងម៉ាត់ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ
Published Date: Friday, April 16, 2021, 7:04 PM
(Khmer)
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈរាជធានីភ្នំពេញ និងជាគណៈបញ្ជាការឯកភាពរដ្ឋាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននឹងកំពុងដាក់គោលដៅប្រចាំការនៅគោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានឹងការអនុវត្តសេចក្តីសម្រេចជនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវបើកទូលាយអោយបងប្អូនអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នូវទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់សួរនាំរកឯកសារច្រើនពេកទេ ព្រោះយើងបានឃើញច្បាស់ហើយថាពួកគាត់ដឹកជញ្ជូនអ្វីច្បាស់នឹងភ្នែកហើយនោះ។
ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ Video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញអោយមានប្រសិទ្ធភាព។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ សម្រាប់រាជធានីភ្នំពេញ មានគោលដៅដែលត្រូវឃាត់ការចេញ ចូលរាជធានីចំនួន ៩ទីតាំង និងទីតាំងផ្សេងទៀតនៅកណ្តាលក្រុង ចំនួន២៨ទីតាំង សរុបទាំងអស់ចំនួន៣៧ទីតាំង ដែលគណៈបញ្ជាការឯកភាពនិងកងកម្លាំងប្រដាប់អាវុធបានដាក់ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ ជុំវិញទីតាំងដែលបានដាក់ទាំង៣៧ទីតាំងនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរ និង កម្លាំងពាក់ព័ន្ធត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីនេះឲ្យមានប្រសិទ្ធភាពខ្ពស់ តែមិនត្រូវអនុវត្តឲ្យលើកនិងខ្វះទេ។ ចំពោះការដឹកទំនិញដែលយើងឃើញថាជាគ្រឿង ឧបភោគ បរិភោគ បន្លែ ត្រី សាច់នោះ យើងត្រូវបើកផ្លូវអោយគាត់ធ្វើដំណើរចេញចូលទៅតាមសម្រួលទៅ។
ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌទាំង១៤ អនុវត្តអោយបានម៉ឺងម៉ាត់ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសខណ្ឌ៣ដែលយើងបានបិទខ្ទប់ដោយមានអ្នកជំងឺកូវីដ-១៩ នោះគឺខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ អាជ្ញាធរនិងសមត្ថកិច្ចត្រូវពង្រឹងឱ្យបានខ្លាំងក្លាបំផុត ជៀសវាងការជួបជុំគ្នាផឹកស៊ី នៅតាមផ្ទះនៅក្នុងទីតាំងដែលបិទខ្ទប់នេះ។
ឯកឧត្តមបញ្ជាក់ថា ៖បើសិនជាបងប្អូនដែលស្ថិតនៅក្នុងការបិទខ្ទប់ នៅតែល្មើស នៅតែបំពានទៅលើវិធានរបស់ក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ នឹងមានវិធានការ ដោយនឹងយកបងប្អូនដែលល្មើសទាំងនោះ មកធ្វើចត្តាឡីស័កនៅទីតាំងខាងក្រៅ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ មិនអាចដើរហើរផឹកស៊ីស្រេចតែចិត្តទៀតទេ៕