(Khmer) រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងកសាងស្ពានអាកាសថ្មើរជើងនៅក្នុងរាជធានីភ្នំពេញប្រមាណជា ២៥ស្ពានទៀត
Published Date: Monday, June 15, 2020, 3:34 PM
(Khmer)
រដ្ឋបាលរាជធានីភ្នំពេញ ស្របតាមកំណើនរបស់ប្រជាពលរដ្ឋចេះតែកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាង៣លាន។ ទន្ទឹមនឹងកំណើននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែល ឯកឧត្តម ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ កាលពីព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ស្របពេលដែលស្ពាននេះស្ថាបនាបានរួចរាល់ប្រមាណជា៩៥ភាគរតយហើយនោះ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ភ្នំពេញរបស់យើងមកដល់ពេលនេះ ទាំងអ្នកស្នាក់អាស្រ័យ ទាំងអ្នកស្នាក់នៅអចិន្រ្តៃយ៍មានចំនួនប្រមាណជាងបីលាននាក់ ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញយើង ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ជាមួយនឹងការកសាងស្ពានអាកាសក្រោមដី លើដី និងស្ពានអាកាសថ្មើជើងជាដើម ដើម្បីរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀត នោះគឺស្ពានអាកាសថ្មើរ ជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក។
ឯកឧត្តមបញ្ជាក់ទៀតថា ដើម្បីតម្រូវការទៅតាមការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះនិងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៏ជូនប្រជាពលរដ្ឋ ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ភ្នំពេញពិតជាមានការអភិវឌ្ឍយ៉ាងលឿន ជាក់ស្ដែងបើតាមការសិក្សាអង្គការចៃកាបានបង្ហាញថា ស្ពានលីយ៉ុងផាត់ឬស្ពានព្រែកព្នៅ នឹងស្ថាបនាឡើងរួចរាល់នៅឆ្នាំ២០២០ ប៉ុន្តែវាមិនដូច្នោះទេ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ស្ពានលីយ៉ុងផាត់ហៅស្ពានព្រែកព្នៅ ស្ថាបនាបានរួចរាល់តាំងពីឆ្នាំ២០១០មកម្លេះ មានន័យថា យើងបានអភិវឌ្ឍលឿនមុន១០ឆ្នាំ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Space media Co,Ltd ថាគិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរ ជើងនៅផ្សារដើមគរនេះបានសម្រេចលទ្ធផលប្រមាណជា៩៥ភាគរយហើយ ពោលគឺនៅសល់តែការក្រាលកំរាលថ្មើជើងការសំអាត ការតុបតែង ការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ៣សប្តាហ៍ទៀត។
ចំណែកស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ក្នុងនោះរួមមាននៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីងមានចំនួន១កន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ និងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕