(Khmer) គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ប្តេជ្ញាចិត្ត បំបាត់កូវីដ-១៩ ឱ្យបានក្នុងរយៈពេល១៤ថ្ងៃ
Published Date: Thursday, April 15, 2021, 3:00 PM
(Khmer)
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ បានប្តេជ្ញាចិត្តថានឹងបំបាត់ជំងឺកូវីដ-១៩ ឱ្យបានក្នុងរយៈពេល១៤ថ្ងៃ ខណៈដែលរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល១៤ថ្ងៃនេះ។
ការប្តេជ្ញាចិត្តរួមគ្នាបំបាត់ជំងឺកូវីដ-១៩ ខាងលើនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ Video conference នៅម៉ោង៣រសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួមប្រជុំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំតាមរយៈ Video conference នេះ មានគោលបំណងឱ្យគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់អនុវត្តឱ្យបានជោគជ័យ នូវសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីបំបាត់ជំងឺកូវីដ-១៩ ដែលការងារនេះយើងត្រូវធ្វើឱ្យបានលទ្ធផលល្អប្រសើរក្នុង រយៈពេល១៤ថ្ងៃ ដោយមិនប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យសមាជិកទាំងអស់ នៅក្នុងជួរគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់នេះ រួមគ្នាជួយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីបំបាត់ជំងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃនេះទទួលបានជោគជ័យ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍ពីកាេងារមួយចំនួនដែលអាជ្ញាធរបានកំពុងអនុវត្ត ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងមានសមត្ថកិច្ច ដាក់តាមគោលដៅចំនួន២៧គោលដៅ ដើម្បីអនុវត្តការសំរេចបិទខ្ទប់នេះ បានដាក់ចេញជាវិធានការចំពោះទំនិញឡើងថ្លៃ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់កុងស៊ី កាប់ជ្រូក កាប់គោ និងអាជីវករលក់ដូរសាច់ គ្រឿងហូបចុកធ្វើកិច្ចសន្យាមិនអោយឡើងថ្លៃ ខណៈដែលពួកគាត់បានឡើងថ្លៃសាច់ជ្រូក សាច់គោ ក្នុងតំណាក់កាលនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងល្បាតជាប្រចាំ នៅតំបន់ដែលបានកំណត់ជាតំបន់ពណ៌ក្រហម ដែលជាតំបន់ងាយឆ្លង ជម្ងឺកូវីដ-១៩។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ នោះយើងមិនអាចទទួលបានជោគជ័យទេ។ លើបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានចលនាជាមួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋជាង៩០ភាគរយបានចូលរួមជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ។
ជាក់ស្តែង នៅតាមដងផ្លូវនានា ខណៈអនុវត្តនូវការសម្រេចបិទខ្ទប់នេះ ឃើញថាមានប្រជាពលរដ្ឋប្រមាណតែ២ទៅ៣ភាគរយប៉ុណ្ណោះ ដែលពួកគាត់ធ្វើចរាចរណ៍តាមផ្លូវ ហើយប្រជាពលរដ្ឋទាំងនោះភាគច្រើនទៀតសោធ ជាប្រជាពលរដ្ឋដែលមានការចាំបាច់ក្នុងការងារ ទៅចាក់វ៉ាក់សាំង និងទៅទទួលសេវាសុខាភិបាលជាដើម។
គួរបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំ បានផ្តោតលើការអនុវត្តវិធានការណ៍បិទខ្ទប់នេះអោយមានប្រសិទ្ធភាព មិនប៉ះពាល់ដំណើរការរស់នៅរបស់ប្រជាពលរដ្ឋ។ រក្សាបានស្ថរភាពទំនិញ លំហូរទំនិញ ការអនុវត្តធ្វើយ៉ាងណាកាត់ផ្តាច់ ជាកង់ៗជម្ងឺកូវីដ-១៩ ។
ការពង្រឹងលើការធ្វើចត្តាឡីស័ក ការស្រាវជ្រាវរកអ្នកជំងឺកូវីដ-១៩ ការធ្វើតេស្តសំណាក ការចាក់វ៉ាក់សាំង និងការគាំពារដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ៕