(Khmer) ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីពេញ ជំរុញឱ្យអភិបាលខណ្ឌទាំង១៤ ស្រង់ស្ថិតិ ប្រជាពលរដ្ឋ កម្មករ កម្មការិនី កំពុងធ្វើចត្តាឡីស័ក ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលផ្តល់អំណោយជូនពួកគាត់
Published Date: Tuesday, April 13, 2021, 3:33 PM
(Khmer)
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសខណ្ឌដែលត្រូវបានបិទខ្ទប់ភូមិដ្ឋានចំនួន៣ខណ្ឌ ដើម្បីការពារជំងឺកូវីដ-១៩ ត្រូវស្រង់ស្ថិតិ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងផ្តល់អំណោយជូនពួកគាត់។
ក្នុងកិច្ចប្រជុំនោះ ផ្ដោតសំខាន់លើការងារគ្រប់គ្រងសភាពការណ៍ ក្នុងការអនុវត្តតាមសេចក្ដីសម្រេចរបស់ រដ្ឋបាលរាជធានីភំ្នពេញ ស្ដីពីការបិទខ្ទប់តំបន់ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវស្រង់ស្ថិតិបន្ទប់ជួល ផ្ទះជួលនិងអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីគ្រប់គ្រង និងធានាឱ្យបានក្នុងការចែកអំណោយបានទៅដល់ដៃរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ការចែកអំណោយនៅតំបន់បិទខ្ទប់ យើងត្រូវចែកជូនបងប្អូន កម្មករ កម្មការិនីមុនគេ ព្រោះពួកគាត់ជាអ្នកមានជីវភាពខ្វះខាតជាងគេ ហើយក៏ងាយរងគ្រោះជាងគេផងដែរ ដែលអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់បំផុត។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ផងដែរថា ៖ចំពោះខណ្ឌ១១ទៀត ដែលមិនមានការបិទខ្ទប់ភូមិដ្ឋានក៏ត្រូវតែចុះស្រង់ស្ថិតិអោយបានច្បាស់ដែរ មានន័យថា នៅពេលមានបញ្ហាកើតឡើងយើងមានស្ថិតិនៅក្នុងដៃស្រាប់។ យើងទាំងអស់គ្នាត្រូវតែគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តឱ្យបាន ” ៣ការពារ ៣កុំ ” ព្រមទាំងការអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺកូវីដ-១៩៕