(Khmer) ប្រកាសរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌចំការមន
Published Date: Thursday, February 13, 2020, 2:08 PM
(Khmer)
កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានការរៀបចំពិធីប្រកាសរចនាសម្ពន្ធ័ថ្មី នៃរដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ថេង សុថុល អភិបាលខណ្ឌចំការមនព្រមទាំងមន្រ្តីរាជការនៃសាលាខណ្ឌចំការមនជាច្រើនរយនាក់ផងដែរ។
ក្នុងពីធីនោះគណៈអធិបតីបានលើកឡើងថា ដោយមានការរៀបចំដាក់ឲ្យអនុវត្តនូវអនុក្រឹត្យស្ដីពីមុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្ដីពីការប្រគល់មុខងារ និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយរបស់រាជរដ្ឋាភិបាលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្មវិធីកំណែទម្រង់ស្នូលទាំងបីរួមមានដូចជា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលសាធារណៈ, និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការគាំទ្រនិងការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ កម្មវិធីជាតិ១០ឆ្នាំ បានផ្តោតលើសមាសធាតុទាំង៥ រួមមាន៖ ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ, ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ,ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ, និងការរៀបចំស្ថាប័នគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ចាប់ពីដើមឆ្នាំ២០២០ទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរមុខងារ និងរចនាសម្ព័ន្ធទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅលើវិស័យធំៗចំនួន១៨រួមមាន៖១.វិស័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល, ២.វិស័យអភិវឌ្ឍន៍ជនបទ, ៣.វិស័យធនធានទឹក, ៤.វិស័យបរិស្ថាន និងធនធានធម្មជាតិ, ៥.វិស័យរ៉ែ និងថាមពល, ៦.វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៧.វិស័យសាធារណការ និងដឹកជញ្ជូន, ៨.វិស័យឧស្សាហកម្ម និងសិប្បកម្ម, ៩.វិស័យពាណិជ្ជកម្ម, ១០.វិស័យទេសចរណ៍, ១១.វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ១២.វិស័យកិច្ចការនារី, ១៣.វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ១៤.វិស័យធម្មការ និងសាសនា, ១៥.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, ១៦.វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍, ១៧.វិស័យសុខាភិបាល, ១៨.វិស័យអប់រំ។
ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអោយស្របទៅតាមស្ថានភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិគឺមិនមែនជារឿងចៃដន្យឡេីយ តែបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះបុព្វហេតុបម្រេីប្រជាជនជាម្ចាស់ឆ្នោតនិងធ្វេីអោយប្រទេសជាតិកាន់តែមានការរីកលូតលាស់លេីគ្រប់វិស័យ៕