(Khmer) ទីក្រុង និងខេត្តសម្ព័ន្ធមេត្រីចំនួន៨ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រគល់ថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួនជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
Published Date: Wednesday, August 11, 2021, 5:08 PM
(Khmer)
អំណោយជាថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួនផ្សេងទៀត ត្រូវបានស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកគាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបានរីករាលដាលចូលក្នុងសហគមន៍ ពិសេសវីរុសបំម្លែងថ្មីប្រភេទដែលតា(DELTA)។
ពិធីប្រគល់ និងទទួលខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសាលារាជធានីភ្នំពេញ។
អំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ដែលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនទាំង០៨ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖
១. ទីក្រុងក្វាងចូវ ថ្នាំបុរាណចិន ១០.000 ប្រអប់
២.ទីក្រុងប៉េកាំង ថ្នាំបុរាណចិន ១០.000 ប្រអប់
៣.ខេត្ត ហ៊្វូជៀន ថ្នាំបុរាណចិន ៣០.000 ប្រអប់
៤. ទីក្រុងគុនមិញ ថ្នាំបុរាណចិន ៥.៤00 ប្រអប់
៥.ទីក្រុងសៀងហៃ ថ្នាំបុរាណចិន ២.៤00 ប្រអប់(អំណោយហានទី២) និងម៉ាស៊ីនផលិតអុកស៊ីសែន ១០គ្រឿង (អំណោយដំហានទី១)
៦. ទីក្រុងហឺហ្វេ ថ្នាំបុរាណចិន ២០.០០០ ប្រអប់
៧.ទីក្រុងវ៉ូហាន ថ្នាំបុរាណចិន ៩.២០០ ប្រអប់
៨.ទីក្រុងណាននីង ថ្នាំបុរាណចិន ៨.០០០ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន ០៣គ្រឿង
សរុបថ្នាំបុរាណចិន ៩៥.០០០ប្រអប់ ម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន ១៣ គ្រឿង ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសនោះបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនចិន និងថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិនដែលតែងតែជួយព្រះរាជាណាចក្រកម្ពុជាកន្លងមក។ ជាក់ស្តែងនៅក្នុងពេលនេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ ដែលមានទីក្រុងក្វាងចូវ, ទីក្រុងប៉េកាំង, ខេត្តហ៊្វូជៀន, ទីក្រុងគុនមីញ, ទីក្រុងហឺហ្វេ, ទីក្រុងសៀងហៃ ទីក្រុងវូហាន និងទីក្រុងណាននីងបានប្រគល់នូវអំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ៖ ការបរិច្ចាកនូវឱសថ និងឧបករណ៍ចាំបាច់ផ្សេងៗជាច្រើនបន្ថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ពិតជាទាន់ពេលវេលាមិនត្រឹមតែបង្ហាញពីមិត្តភាព ដែលមិនអាចបំបែកបានរវាងប្រទេស និងប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់យន្តការដែលមានស្រាប់ក្នុងការការពារនិងលើកកម្ពស់សុខុមាលភាព ក៏ដូចជាសុខភាពរបស់ប្រជាជនយើង ក្នុងការកសាងសហគមន៍សុខភាព និង វិបុលភាពរួម៕