(Khmer) រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរស់នៅតំបន់ដែលត្រូវបានបិទខ្ទប់
Published Date: Sunday, April 11, 2021, 2:08 PM
(Khmer)
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម នួន ផារ័ត្ន និងឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរ ដោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបន្ដនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ចំនួន២២៤គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ ដែលបានរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ ២យួរ រួមទាំងថវិកា៣០០,០០០ រៀល។
ឯកឧត្តមបានបន្ដថា សម្ដេចទាំងទ្វេរ បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសម្រាក ធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ។
ទន្ទឹមនឹងនេះ ឯកឧត្តម សូមឱ្យបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កមិនឱ្យខ្វះខាតឡើយ។
បន្ទាប់ពីផ្តល់ អំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់ធ្វើចត្តាឡីស័ករួចមក ឯកឧត្តម បានដឹកនាំក្រុមការងារ ចុះពិនិត្យផ្លូវមួយចំនួនដែលបានធ្វើការបិតខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ រួមទាំង សង្កាត់ស្ទឹងមានជ័យទី៣ ផងដែរ៕